សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ឃួ​ន​ ផុ​ន​រតនៈ​ ​ឯកអគ្គរាជទូត​ទើប​តែងតាំង​ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ទទួល​អនុសាសន៍​

07-December-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​វិមាន​ព្រឹទ្ធសភា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ឃួ​ន​ ផុ​ន​រតនៈ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ទទួល​អនុសាសន៍​ នៅ​មុន​ពេល​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប​។​

​នៅ​ក្នុង​ឱកាស​នោះ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ឯកឧត្តម​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​។​ ជាមួយ​គ្នា​នេះ​ សម្តេច​បាន​ផ្តាំផ្ញើ​ចំពោះ​ឯកឧត្តម​ត្រូវ​យកចិត្តទុកដាក់​ពង្រឹងពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ជាមួយនឹង​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ ។​ ដើម្បី​សម្រេច​បំណង​នេះ​ ត្រូវ​យកចិត្តទុកដាក់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន​ និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ឲ្យ​បាន​ល្អ​ប្រសើរ​។​ បន្ថែម​លើ​នេះ​ត្រូវ​ឲ្យ​គេ​យល់​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ​ សេដ្ឋកិច្ច​ វប្បធម៌​ និង​សង្គមកិច្ច​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ក៏​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ជូន​ដល់​ឯកឧត្តម​ឯកអគ្គ​រាជ​ ទូត​ត្រូវ​សកម្ម​ផ្សព្វផ្សាយ​ និង​បកស្រាយ​ពន្យល់​អំពី​សភាពការណ៍​នៅ​កម្ពុជា​ជូន​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​នៅ​ប្រទេស​ដែល​កំពុង​បំពេញភារកិច្ច​។​ ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​ចំពោះ​សភាពការណ៍​នយោបាយ​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ និង​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​។​

​ឯកឧត្តម​ ឃួ​ន​ ផុ​ន​រតនៈ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ បាន​ប្តេជ្ញា​នៅ​ចំពោះ​មុខ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា​ នឹង​ខិតខំ​បំពេញភារកិច្ច​ជា​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម​បាន​សន្យា​ថា​នឹង​ខិតខំ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ និង​ខិតខំ​ថែរក្សា​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​ប្រទេស​ជាតិ​ ពង្រឹងពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ម្ចាស់ផ្ទះ​ និង​ឯកអគ្គរាជទូត​ រដ្ឋ​ទូត​ប្រទេស​ផ្សេងៗ​ទៀត​ និង​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគិន​ និង​អ្នកទេសចរ​ឲ្យ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ ៕

 

ចំនួនអ្នកទស្សនា

    20599587

  • ថ្ងៃនេះ12151
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41981
  • ខែនេះ157131
  • ឆ្នាំនេះ157131
  • សរុប20599587