ពោធិ៍សាត់៖ បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវរថយន្តបុកដេកស្លាប់នៅលើចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចស្ពានថ្មស្រង់ធំ ក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៣និង៣០នាទីនារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា (ទ្រីម)ពណ៌ខ្មៅពាក់ស្លាកលេខប៉ៃលិន 1A-3760 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបោះពួយយ៉ាងលឿនធ្វើដំណើរក្នុងទិសដៅស្របគ្នា បើកប៉ះអ្នកជិះម៉ូតូបណ្តាលឲ្យដួលបោកក្បាលទៅប៉ះបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លេង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្យមិនឃើញឯកសារសម្គាល់អត្តសញ្ញាណសាកសពបុរសរងគ្រោះក៏បានបញ្ជូនមកតម្កល់ទុកនៅមន្ទីរពេទ្យពោធិ៍សាត់ដើម្បីស្វែងរកសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕