ព្រៃវែង៖ មនុស្ស៣នាក់មួយគ្រួសារបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។ ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ នៅក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-2264 បើកបរដោយឈ្មោះ សុខ សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ អ្នករួមដំណើរ២នាក់ ទី១-ឈ្មោះសុខ ជាតិ ភេទស្រី អាយុ២៨ឆ្នាំ ប្រពន្ធ និងទី២-ឈ្មោះសុខ សារ៉ា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន អ្នកទាំង៣នាក់ រស់នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ធ្វើដំណើរពីកើតមកលិច មិនមានពាក់មួកសុវត្ថិភាព ដល់កន្លែងកើតហេតុម៉ូតូបានប្តូរគន្លងផ្លូវជ្រុលទៅបុកថយន្ត មួយគ្រឿងម៉ាកវ៉េអង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A -5395 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូប្រពន្ធនិងកូនសរុប៣នាក់ ស្រី២នាក់ស្លាប់។
បច្ចុប្បន្នសកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូ និងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕