បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឱ្យដឹងថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកផ្ទាល់បានឃាត់ខ្លួនជនសង្ស័យដែលធ្លាប់បានប្រព្រឹត្តិសកម្មភាពកាប់លើជនជាតិចិន និងជនជាតិខ្មែររយៈកន្លងមកដែលបង្កអោយមានអសន្តិសុខសង្គម។
ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមានទី១-ឈ្មោះ ចេង ដន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបោសសំអាតកាស៊ីណូ វីន ស័រ មានទីលំនៅភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២-ឈ្មោះ រិន ម៉ីលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី៣-ឈ្មោះ រិទ្ធ សំណៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបោសសំអាតក្រុមហ៊ុនកាស៊ីណូ វីន ស័រ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ក្រោយពីបានសាកសួរជនសង្ស័យឆ្លើយថាៈមូលហេតុដែលកាប់នោះគឺមកពីពួកនោះមើលមុខពួកគេ រឺជិះម៉ូតូឌឺ រឺមករញ៉េរញៃញ៉ែប្រពន្ធខ្លួន។
វត្ថុតាងដកហូតៈកាំបិតដែលធ្វើសកម្មភាពកាប់ និងម៉ូតូដែលជិះធ្វើសកម្មភាព។ បច្ចុប្បន្នជនទាំង៣ខាងលើកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋានក្រុងប៉ោយប៉ែតនិងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្តាមនិតិវិធីច្បាប់ ៕