ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​៖​ សន្តិសុខ​ឯកជន​រួមចំណែក​មួយ​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដល់​សង្គម​

19-December-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ឧត្តម​ សេនីយ៍​ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ មាន​ប្រសាសន៍​ថា​ វិស័យ​សន្តិសុខ​ឯកជន​ បាន​រួមចំណែក​មួយ​ក្នុង​ការ​ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​វិនិយោគ​និង​ភ្ញៀវ​ទេស​ ចរណ៍​ជាតិ​និង​អន្តរជាតិ​ខណៈ​សន្តិសុខ​ឯកជន​នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ជិត​បី​ម៉ឺន​នាក់​ហើយ​នោះ​។​

​ ​ឯកឧត្តម​ឧត្តម​ សេនីយ៍​ឯក​ ឌី​ វិជ្ជា​ មាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​រថយន្ត​ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ និង​បើក​កម្មវិធី​ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​ឯកជន​ដល់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ពី​សំណាក់​ ភាគី​ចិន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ បន្ត​ថា​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​ទន្ទឹម​និង​នេះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ ក៏​បាន​រីក​ចម្រើន​ជា​បន្តបន្ទាប់​ដូច្នេះ​ក៏​ត្រូវ​ទាមទារ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ដើម្បី​ស៊ីសង្វាក់​គ្នា​ ជាមួយ​អាជ្ញាធរ​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ផង​ដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​កម្ពុជា​ស្វាគមន៍​ចំពោះ​ភាគី​ចិន​ដែល​បាន​មក​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​ គ្រប់គ្រង​ផ្នែក​សន្តិសុខ​ និង​ចែករំលែក​បទ​ពិសោធន៍​ដល់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​លើ​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន​នោះ​។​

​សូម​រំលឹក​ថា​នា​ន​ពេល​ បច្ចុប្បន្ន​នេះ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​ ២៦,៥៦៥​នាក់​(​ស្រី​២,៣៨១​នាក់​)​ក្នុង​នោះ​ ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ សរុប​ចំនួន​២៣៩​ក្រុមហ៊ុន​ និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​(​មិន​ធ្វើ​សេវា​សន្ដិសុខ​ឯកជន​)​ មាន​ចំនួន​ ១,៨៦៧​គ្រឹះស្ថាន​។​
​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ឌី​ វិជ្ជា​ ក៏​បាន​ស្នើ​សុំ​ដល់​ភាគី​សន្តិសុខ​ សៀង​ ហៃ​ ប្រទេស​ចិន​បន្ត​ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​មន្ត្រី​នៃ​នាយកដ្ឋាន​គ្រង់​គ្រង​សន្តិសុខ​ឯកជន​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​។​

​លោក​ ចាវ​ យាន​មីង​ អនុប្រធាន​ប្រតិបត្តិ​ នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ សៀង​ ហៃ​ បាន​លើក​ឡើង​ថា​ កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​របស់​ចិន​ហើយ​ចិន​នៅ​តែ​បន្ត​ជួយ​ ដល់​កម្ពុជា​ជា​និច្ច​ ជាក់ស្តែង​ដូច​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញការ​គ្រប់គ្រង​ផ្នែក​សន្តិសុខ​ ឯកជន​នេះ​ជាដើម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ជាមួយ​គ្នា​នោះ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ សៀង​ ហៃ​ ក៏​បាន​ផ្តល់​រថយន្ត​មួយ​គ្រឿង​ដល់​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មួយ​គ្រឿង​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​នាយកដ្ឋាន​៕​


ចំនួនអ្នកទស្សនា

    20599147

  • ថ្ងៃនេះ11711
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41541
  • ខែនេះ156691
  • ឆ្នាំនេះ156691
  • សរុប20599147