ចាប់​ផ្សឹក​និង​ឃាត់ខ្លួន​ព្រះសង្ឃ​១​អង្គ​ មាន​សារធាតុ​ញៀន​និង​រក្សា​ទុក​អាវុធ​ល្មើសច្បាប់​

19-December-2018 | ដោយ ពលមនសិការ

បាត់ដំបង​៖​ ព្រះសង្ឃ​មួយ​អង្គ​ដែល​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​ ក្នុង​ខ្លួន​ព្រមទាំង​រក្សា​ទុក​អាវុធ​ល្មើសច្បាប់​ជា​ច្រើន​ក្នុង​រោង​ស្នាក់​អាស្រ័យ​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរ​ស្រុក​កំ​រៀង​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ធម្មការ​និង​សាលា​អនុគណ​ស្រុក​ចុះ​ត្រួតពិនិត្យ​ឃើញ​ហើយ​ចាប់​ផ្សឹក​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វណ្ណ​នី​ ស្នងការ​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​របស់​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ ជាមួយ​មន្ត្រី​ការិយាល័យ​ធម្មការ​និង​សាលា​អនុគណ​ស្រុក​ចុះ​ពិនិត្យ​ទីស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ​១​អង្គ​ រក្សា​ទុក​នូវ​អាវុធ​ល្មើសច្បាប់​នេះ​ដែរ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ចំណុច​ភ្នំ​៨២​ ក្នុងភូមិ​ចាំ​ចាប​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​។​

​ជាមួយ​គ្នា​ក្នុង​ការ​ចុះ​ពិនិត្យ​ខាងលើ​នេះ​ដែរ​កម្លាំង​និង​មន្ត្រី​ពាក់ព័ន្ធ​សម្រេច​នាំ​ខ្លួន​ ព្រះ​ភិក្ខុសង្ឃ​០១​អង្គ​ព្រះ​នាម​ ហ៊ុន​ អង​ គង់នៅ​លើ​ភ្នំ​៨២​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​អ្នកស្រុក​ និង​មាន​ដាស់​មន្តអាគម​ផ្សេងៗ​មួយ​ចំនួន​ទៀត​មក​ផ្សឹក​តាម​បែប​សាសនា​ដោយ​ចោទប្រកាន់​ពី​បទ​កាន់កាប់​និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់​។​

​ក្នុង​ហេតុការណ៍​នេះ​ក្រុម​គណកម្មកា​ត្រួតពិនិត្យ​បាន​រក​ឃើញ​វត្ថុ​តាង​ល្មើសច្បាប់​រួម​មានៈ​ កាំភ្លើង​ប៉េអាកុល​កែ​ច្នៃ​០១​ដើម​,​ កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​០១​ដើម​,​ គ្រាប់​k៥៩​មួយ​គ្រាប់​,​ គ្រាប់​k៥៤​បី​គ្រាប់​,​ គ្រាប់​ប៉េអាកុល​០៤​គ្រាប់​,​ ខ្នោះ​០១​គូរ​,​ ដាវ​០១​ដើម​,​ ជំ​ពុះ​ទុង​កាំភ្លើង​០១,​ មួក​នគរបាល​០១​ វិទ្យុទាក់ទង​០១​គ្រឿង​,​ ដប​ជក់​ថ្នាំ​ញៀន​ចំនួន​០១​ និង​ដែកកេះ​០១​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយ​ពី​ផ្សឹក​រួច​រួម​និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ ៕​ (SN-​ចេស្តា​)


ចំនួនអ្នកទស្សនា

    20600407

  • ថ្ងៃនេះ12971
  • ម្សិលមិញ11441
  • សប្តាហ៍នេះ42801
  • ខែនេះ157951
  • ឆ្នាំនេះ157951
  • សរុប20600407