កំពង់ធំ៖ នៅសាលាដំបូងខេត្តកំពង់ធំ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ដែលអនុវត្តបានឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក លាង សួគ៌ ប្រធានសាលាដំបូង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញា តុលាការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានសមាជិក អង្គសន្និបាត ចូលរួម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ។
លោក វ៉ាន់ សេង ប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូង ខេត្តកំពង់ធំ បានអានរបាយការណ៍ ស្តីពីសកម្មភាពកែលំអរ សោភ័ពភាព និងជួសជុល រួមទាំងការអភិវឌ្ឍន៍ នៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាដំបូងខេត្តកំពង់ធំ ដោយបានបញ្ជាក់ដូច្នេះ តុលាការខេត្តកំពង់ធំ សាងសង់នៅឆ្នាំ ១៩៨២ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នមាន មានអាគារថ្មីចំនួន២ អាគារទី១ មានទំហំ១៤.៩ម គុណ៣៦.៥០ម ២២បន្ទប់សម្រាប់សាវនាការ២បន្ទប់ អាគារទី២ មានទំហំ៨មគុណ ២៥.៥ម មាន១៧បន្ទប់ មានបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន៣បន្ទប់ មានមន្ត្រីបំរើការងារសរុប៦៩រូប ស្រី២០រូប ទិសដៅនៃការអនុវត្ត បន្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយដល់ភូមិឃុំ ស្រុក លើវិធានការអត្រានុកូលដ្ឋាន លើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ មរណៈភាព លិខិតបទដ្ឋានផ្សេងៗ ដែលនាំឲ្យខុសអក្ខរាវិរុទ្ធ ខុសខែ ឆ្នាំ ថ្ងៃកំណើត ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពន្លឿនរឿងក្តីមិនឲ្យកកស្ទះហួសរយៈពេលកំណត់របស់ច្បាប់ ស្នើរសុំមន្ត្រីជាប់កិច្ចសន្យាចំនួន១៦រូប បញ្ជូលក្របខណ្ឌ ស្នើរសុំអាគារសម្រាប់លេខាធិការដ្ឋាន១ខ្នង ៥បន្ទប់ និងឃ្លាំងវត្ថុតាងមួយខ្នង។
លោក អ៊ិត សុធាន ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានថ្លែងបើកឱកាសជាចំហរ លើកបញ្ហាដាក់ លើតុ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាកែបញ្ហាដែលមានចំណុចមួយចំនួន ដែលបានអនុវត្តកន្លងមក ឲ្យលោកចៅក្រម ព្រះរាជអាជ្ញារង លោកស្រីក្រឡាបញ្ជី រួមទាំងសមាជិកអង្គសន្និបាទទាំងអស់ លើកឡើងនូវ បញ្ហាប្រឈម ដែលបានអនុវត្តក្នុងមួយឆ្នាំកន្លងមកនេះ ក្នុងឆ្នាំ២០១៨ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត កំពង់ធំ បានចុះបង្កការ និងបង្ក្រាបបទល្មើសដល់មូលដ្ឋាន ដោយមិនគិតពេលថ្ងៃឬពេលយប់ ដែលបានដឹកនាំដោយមន្ត្រីនគរបាលយុត្តិធម៌ដោយមានប្រសិទ្ធភាព និងបានពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុត្តធម៌ និងមានការចាត់ប្រជុំជាច្រើនលើកផ្នែកច្បាប់ ស្របតាមស្ថានភាពជាក់ស្តែងក្នុងសង្គម បានធ្វើឲ្យបទល្មើស ក្នុងឆ្នាំ២០១៨មានការថយចុះ។
លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី រួមទាំងសមាជិកទាំងអស់ ដែលបំរើការងារក្នុងសាលាដំបូងខេត្តកំពង់ធំ ដែលបានអនុវត្តការងារបានល្អ ម៉ត់ចង់ មានគុណភាព តម្លាភាព និងមានភាពស្មោះត្រង់ ក្នុងការរកភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ និងសំណូមពរឲ្យមានការពិគ្រោះយោបល់គ្នា លើកបញ្ហានានា ដែលប្រឈម ឬកង្វះខាត ដើម្បីរកដំណោះស្រាយល្អដល់អង្គភាព ៕