ភ្នំពេញ៖ បញ្ហាឪពុក-ម្តាយ ស្លាប់ ហើយបន្សល់នូវតុងទីន ដែលជំពាក់ និងត្រូវបង់រាប់ឆ្នាំទៅថ្ងៃខាងមុខទៀត តើអ្នកណាជាអ្នកទទួលសុសត្រូវ? កូនៗជាអ្នកទទួលខុសត្រូវជំនួស ឬយ៉ាងណា?។
ជាក់ស្តែង ករណីខាងលើនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ៊េសប៊ុកបានស៊ែចែករំលែកបន្តគ្នា អ្នកខ្លះកំពុងមានចម្ងល់ ពាក់ព័ន្ធគណនេយ្យមួយបានបង្ហោះថា" ចង់សួរទៅបងប្អូនពូមីងថា ពេលលេងតុងទីន ដែលប្រាប់កូនៗទេ?
ឪពុកម្តាយស្លាប់ មានតែ២នាក់បងប្អូន ហើយប្អូនស្រីនៅតូច ខ្លួនទើបអាយុ២១ឆ្នាំ ឥលូវគេប្តឹងរឿងតុងទីន តាំងគ្នាមិនបានដឹងអ្វីសោះ ឯណា ឯកសារ ចំនួនទឹកលុយគ្នាមិនដែលឃើញ តើអោយដោះស្រាយរបៀបណា?
តើករណីមន្ត្រីយុត្តិធម៌អង្គភាព មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ កោះហៅទៅដោះស្រាយរឿងតុងទីននេះ ត្រូវ ឬអត់ ជួយប្រាប់ផងបានទេ? តើកូនមានពាក់ព័ន្ធទេ? បើមានតើមាត្រាទីប៉ុន្មាន ហើយចែងក្នុងច្បាប់ណា? ជួយស៊ែរផងបងប្អូនពូមីងលោកតាលោកយាយអើយ!"។
ថ្មីៗនេះ បន្ទាប់ពីឪពុម្តាយស្លាប់ លោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌កងរាជអាវុធហ្ថខេត្តកំពង់ធំ បានចេញលិខិតអញ្ជើញ ឈ្មោះ ហេង ដេវិដ អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យចូលមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ធំ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមកដោះស្រាយដំណើររឿង តុង ទីន ដែលលមានការពាក់ព័ន្ធជាមួយឈ្មោះ អ៊ឹង សៀវហៀង ភេទស្រី អាយុ៤០ឆ្នាំ(ម្តាយ) មុខរបរលក់ដូរ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌កងរាជអាវុធហ្ថខេត្តកំពង់ធំបានឲ្យដឹងថា "តាមដំណើរកាលចាប់ផ្តើមលេងតុងទីន មានអ្នកផ្សេងជាអ្នកធានាឲ្យម្តាយយុវជនខាងលើ ដើម្បីបានចូលលេងនឹងគេ ក្រោយពេលលេងជាច្រើនខែ នៅសល់លុយប្រហែលជាងមួយម៉ឺន ម្តាយយុវជនខាងលើបានស្លាប់ អ្នកដែលធានានោះចង់ហៅយុវជនខាងលើដើម្បីមកពន្យល់ ប្រាប់ទូទាត់ថា លុយនៅសល់ប៉ុន្មាន អស់ប៉ុន្មាន ព្រោះមានអ្នកលេងខ្លះបានដេញ និងអ្នកខ្លះទៀតមិនទាន់ដេញ ដើម្បីកុំឲ្យយុវជនខាងលើខាតពេក។
ប៉ុន្តែដោយសារតែ អ្នកធានាដែលហៅយុវជនខាងលើ ពិបាកហៅ ក៏បានពឹងកម្លាំងកងរាជអាវុធហ្ថឲ្យជួយហៅហើយលោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌កងរាជអាវុធហ្ថខេត្តកំពង់ធំ ក៏បានចេញលិខិតអញ្ជើញយុវជនខាងលើដើម្បីដោះស្រាយដំណើររឿង តុងទីនជាមួយអ្នកធានា។
លោកវរសេនីយ៍ត្រី ផុន សុផល បន្ថែមថា យុវជនខាងលើមិនទាន់ដឹងរឿងដែលសមត្ថកិច្ចពន្យល់ផង ស្រាប់តែបង្ហោះថាសមត្ថកិច្ចចេញដីកាកោះហៅ គាបសង្កត់ធ្វើរឿងព្រហ្មទណ្ឌ ចោទប្រកាន់រឿងផ្សេង។
លោកបន្តថា នៅព្រឹកនេះយុវជនខាងលើ និងសាច់ញាតិបានចូលមកតាមការអញ្ជើញ ហើយលោកវរសេនីយ៍ត្រី ផុន សុផល ពន្យល់ថា យើងគ្មានបំណងអាក្រក់ គ្មានចេតនាណាមួយធ្វើរឿងព្រហ្មទណ្ឌ ទទួលឬដាក់ពាក្យបណ្តឹងលើរឿងខាងលើទេ គ្រាន់តែថា ក្នុងនាមខ្ញុំជាចាស់ទុំ អញ្ជើញប្អូនមកដើម្បីទូទាត់ប្រាក់រឿងតុងទីន ព្រោះមេតុងទីន ចង់ឲ្យមានសមត្ថកិច្ចធ្វើសាក្សី។ គ្មានចេតនាណាមួយធ្វើឲ្យប្អូនខាតបង់នោះទេ"។
សូមរំឭកថា កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី មានករណីឃាតកម្ម នៅផ្ទះឈ្មោះ ហេង សុវណ្ណារ៉ា (ហៅឡឹង)នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាករឡូ បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ស៊ុន ពៅ បន្ទាប់ មកបានបាញ់សម្លាប់ខ្លួនឯង។
ជនល្មើសជាប្តីឈ្មោះហេង សុវណ្ណារ៉ា អាយុ ៤៧ ឆ្នាំមុខរបរលក់បាយ គុយទាវ នឹងលាងរថយន្ត ស៊ីឈ្មោះពិការ វ៉ាន់ ធី កងពលតូចអន្តរាគមន៍លេខ១២ ឈរជើងនៅអានសេះខេត្តព្រះវិហារ បច្ចុប្បន្នជាអតីតយុទ្ធជន។ សពប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ មុខរបរលក់បាយ គុយ លាងរថយន្ត៕