ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន១៣នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នឹងសារធាតុញៀនទៅកាន់តុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១៣នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕