នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ចោរកម្ម​ និង​ លួច​ក្លែងបន្លំ​ប្រើប្រាស់​ឯកសណ្ឋាន​ ជា​នគរបាល​ជាតិ​

25-December-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៤​ និង​កម្លាំង​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បាន​លោម​ព័ទ្ធ​ជុំវិញ​បរិវេណ​កន្លែង​កើតហេតុ​ រួច​រុករក​ជនសង្ស័យ​ រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​ធុង​ទឹក​ ជាន់​ខាងលើ​នៃ​ផ្ទះសំណាក់​ ចំប៉ី​ផ្សា​រលើ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ម្ចាស់ផ្ទះ​សំណាក់​ ចំប៉ី​ផ្សា​រលើ​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ បាន​រាយការណ៍​ថា​មាន​ជនសង្ស័យ​ម្នាក់​ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណ​ ពាក់​ឯកសណ្ឋាន​នគរបាល​ បាន​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​មាន​តម្លៃ​របស់​ភ្ញៀវ​គាត់​នៅ​ក្នុង​បន្ទប់​ ពេល​គាត់​មក​ទាន់​ ជនសង្ស័យ​បាន​រត់​ផ្លោះ​ចូល​ទៅ​ក្នុង​ធនាគារ​ABA​។​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៤​ និង​កម្លាំង​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​លោម​ព័ទ្ធ​ជុំវិញ​បរិវេណ​កន្លែង​កើតហេតុ​ រួច​រុករក​ជនសង្ស័យ​ រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​ធុង​ទឹក​ ជាន់​ខាងលើ​នៃ​ផ្ទះសំណាក់​ ចំប៉ី​ផ្សា​រលើ​។​ ​លោកស្នងការ​ខេត្ត​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ សេង​ វិ​ឆៃ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ PCX​ ពណ៌​ទឹកមាស​ គ្មាន​ស្លាក​លេខ​,​វិទ្យុទាក់ទង​០១​គ្រឿង​,​ឆ្នាំង​សាក​វិទ្យុទាក់ទង​ ០១​គ្រឿង​,​ឯកសណ្ឋាន​នគរបាល​០២​ឈុត​,​អាវរ​ងារ​ពណ៌​ខ្មៅ​ ដៃ​វែង​ មាន​អក្សរ​ POLICE​ ចំនួន​១,​ស្បែកជើង​ក​វែង​ ០១​គូរ​,​ប័ណ្ណ​សម្គាល់​យានយន្ត​០១​សន្លឹក​,​សោរ​រថយន្ត​០១,​សោរ​ម៉ូតូ​០១,​ម៉ា​ឡែ​ត​ ០១,​ តួ​ឡឺ​វី​ស​០២,​ដង្កាប់​០១,​សោរ​អូរ​តូ​០១,​ដប​ទឹក​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​០១,​សំបុត្រ​កំណើត​០១​។​

​ករណី​នេះ​ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​របស់​យើង​ កំពុង​លោម​ព័ទ្ធ​ជុំវិញ​បរិវេណ​កន្លែង​កើតហេតុ​ ជនសង្ស័យ​បាន​រត់​ផ្លោះ​ចូល​ទៅ​ក្នុង​ធនាគារ​ABA​ ហើយ​ឡើង​ទៅ​ជាន់​ខាងលើ​ រួច​បើក​ដំបូល​ធនាគារ​ABA​ ផ្លោះ​មក​ជាន់​លើ​នៃ​ផ្ទះសំណាក់​ ចំប៉ី​ផ្សា​រលើ​វិញ​ បន្ទាប់​មក​គេ​បាន​ចូល​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​ធុង​ទឹក​ ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់​យើង​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​ចំពោះ​ករណី​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20596597

  • ថ្ងៃនេះ9161
  • ម្សិលមិញ11441
  • សប្តាហ៍នេះ38991
  • ខែនេះ154141
  • ឆ្នាំនេះ154141
  • សរុប20596597