សៀមរាប៖ ជនបរទេស៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីវេលាម៉ោងប្រហែល២៤និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចមុខហាងឌ្រីងបារ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យជាជនបរទេស០៣នាក់ បានព្រួតគ្នាវាយទៅលើជនរងគ្រោះជាជនបរទេសម្នាក់ឈ្មោះMARIOMAEHLMEYER ភេទប្រុស អាយុ៤២ ជនជាតិអាល្លឺម៉ង់ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរអ្នកជំនាញផ្នែកអ៊ិនធើណិត ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។បណ្តាលឲ្យសន្លប់និងរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេងបែកមាត់រង្គើធ្មេញមុខ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅគ្លីនិក សឹង រឹទ្ធិរ៉េត។
មន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។
ជនសង្ស័យរួមមាន ទី១-ឈ្មោះSTRAHIHJADACKOVIC ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិស៊ែប៊ី មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ទី២-ឈ្មោះ JAIYESH FAUJDAR ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌា មុខរបរអ្នកគ្រប់គ្រងសណ្ឋាគារ៨៤ ស្នាក់នៅសណ្ឋាគារ៨៤ ភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងទី៣-ឈ្មោះ MARKO VITOROVIC ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិស្លូវ៉ានៀ(មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរធ្វើការតាមប្រព័ន្ធអ៊ិនធើណិត ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕