ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានបញ្ចេញប្រាក់ចំនួន១,២លានដុល្លារ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផល់វិភាគទាននេះ ដើម្បីបន្តទ្រទ្រង់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។
ប្រទេសជប៉ុនកត់សម្គាល់នូវការវិវឌ្ឍនកាលពីពេលថ្មីៗនេះ អ.វ.ត.ក ជាពិសេសសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង លើកសំណុំរឿង ០០២/០២ ហើយទន្ទឹមនឹងនេះលើកទឹកចិត្តឲ្យ អ.វ.ត.ក បន្តដំណើរការលើសំណុំរឿងដែលនៅសេសសល់ក្នុងរបៀបមួយមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសម្រេចបាននូវយុត្តិធម៌ ដែលកំពុងត្រូវបានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរមកហើយសម្រាបប្រជាជនកម្ពុជា។
រដ្ឋាភិបាលជប៉ុនផ្តល់សារៈសំខាន់ទៅលើសាលាក្តីខ្មែរក្រហម ដោយផ្អែកលើទស្សនៈចំនួន៣ រួមមានទី១-ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញ នៃអំពើឃោឃៅ ដែលបានប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម។ ទី២-សាលាក្តីខ្មែរក្រហមនេះ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម ដែលប្រការនេះ នឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ។ ទី៣-សាលាក្តីនេះនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
រដ្ឋាភិបាលជប៉ុនបាន និងកំពុងជួយដល់អង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុនសម្រាប់តុលាការនេះ មានចំនួន៨៧,៥៤លានដុល្លារអាមេរិក ដោយគិតរួមទាំងការបញ្ចេញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង២៩% នៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយ ជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិ នៃអ.វ.ត.ក។ លើកពីនេះទៅទៀត ប្រទេសជប៉ុនរួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃមិត្តរបស់ អ.វ.ត.ក បានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្ម ៕