មុខសញ្ញា​ឆក់​ទូរស័ព្ទ​២​នាក់​ ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​

29-December-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​(​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​)​ ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​ព្រះ​សីហ​នុ​ កែង​ផ្លូវ​លេខ​៥៥​ ភូមិ​៣​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ មឿ​ន​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ ផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដែល​ជា​អ្នក​បើក​ម៉ូតូ​ ទី​២-​ឈ្មោះ​ សុខ​ ឆេ​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ ផ្ទះ​ជួល​ ផ្លូវ​៣៦៩​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​។​

​លោក​អធិការ​បន្ត​ថា​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​០២​នាក់​ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ាក​ HONDA​ DREAM​ C125​ ផលិត​ឆ្នាំ​២០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AY-9266​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ ពី​ជនជាតិ​បរទេស​ម្នាក់​ ភេទ​ប្រុស​ អាយុ​ប្រហែង​៣០​ឆ្នាំ​ កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ បាន​សម្រេច​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ខណ្ឌ​/​ប៉ុស្តិ៍​ ដែល​នៅ​ក្បែរ​នោះ​ឃើញ​ហេតុការណ៍​ ក៏​បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​ បណ្តាល​អោយ​ជនសង្ស័យ​០២​នាក់​ ភ័យ​ញ័រ​រេ​ចង្កូត​ ប៉ះ​ជាមួយ​រថយន្ត​ដួល​ម៉ូតូ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ព្រួត​វាយ​បណ្តាល​អោយ​ជនសង្ស័យ​ម្នាក់​របួស​ក្បាល​ នៅ​ចំណុច​ផ្លូវ​លេខ​២៨៨​ កែង​ផ្លូវ​លេខ​៦៣​ ភូមិ​៥​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បន្ទាប់​មក​កំលាំង​យើង​បាន​អន្តរាគមន៍​ភ្លាមៗ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA​ DREAM​ C125​ ផលិត​ឆ្នាំ​២០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AY​ 9266​ ។​ ជន​រង​គ្រោះ​មិន​ស្គាល់ឈ្មោះ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ជនជាតិ​បារាំង​។​(​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​)​។​ សម្ភារៈ​បាត់បង់​៖​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ sansung​ ពណ៌​ទឹកប្រាក់​ (​ត្រូវ​បាន​ជនសង្ស័យ​បោះចោល​តាម​ផ្លូវ​ ពេល​កំពុង​ជិះ​គេចខ្លួន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​ បន្ត​រក​បក្ខពួក​នៅ​សេសសល់​ ព្រមទាំង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ភូមិសាស្ត្រ​បណ្តា​ខណ្ឌ​ផ្សេងៗ​កន្លង​មក​ និង​ក៏​សាង​សំណុំរឿង​ តាម​និ​តិ​វិធី​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទាទោស​តាម​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20596807

  • ថ្ងៃនេះ9371
  • ម្សិលមិញ11441
  • សប្តាហ៍នេះ39201
  • ខែនេះ154351
  • ឆ្នាំនេះ154351
  • សរុប20596807