ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនសន្តិសុខ ឯកជនហ្វីនិកស៊ីឃ្យូរីធីស៊ីស្ទឹមម្នាក់ ត្រូវបានជនសង្ស័យអារកសម្លាប់ប្លន់យកម៉ូតូ។ ករណីអារកសម្លាប់ប្លន់យកម៉ូតូបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃ សៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវត្ត ក្រាំងធ្នង់ ផ្លូវលេខ១៩៦២ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ។
មន្ត្រីនគរបាលការិយាល័យបច្ចេទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញបានឲ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះនុត ចន្ថន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរក្រុមហ៊ុនសន្តិសុខ ឯកជនហ្វីនិកស៊ីឃ្យូរីធីស៊ីស្ទឹម ទីលំនៅភូមិ រោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថានៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួលទៅយាមនៅក្រុមហ៊ុនបារី នៅមុខប៉ុស្តិ៍នគរបាលទឹកថ្លា រហូតដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានចប់ម៉ោងចម្រើការងារ ក៏ជិះម៉ូតូចេញពីក្រុមហ៊ុន រត់ម៉ូតូឌុប ដោយបានដឹកមនុស្សប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណតាមបណ្តោយផ្លូវ១៩៦២ ពីលិចមកកើត មកដល់ចំណុចមុខវត្តក្រាំងធ្នង់ ក៏អារកសម្លាប់យកម៉ូតូ រួចជិះគេចខ្លួនបាត់បន្ទាប់មកប្រជាពលរដ្ឋមករាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
យោងតាមសន្និដ្ឋាននិងសាកសួរជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយអារកប្លន់យកម៉ូតូ។ ក្រោយកើតហេតុសាកសពប្រគល់អោយកូនបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕