ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស) នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថាជនសង្ស័យចំនួន ០២នាករួមមានៈទី១.ឈ្មោះ ប៉ាង មុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,ទី២.ឈ្មោះ ឡៃ វិឆ័យ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ខុម សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសក្បាលផ្នែកមុខចំហៀងខាងស្តាំប្រវែង៥សង់ទីម៉ែត្រ)។
សម្ភារៈបន្សល់ទុក៖កៅអីដែកមូលចំនួន០១ ។ លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនជាងរបស់ជនសង្ស័យឡៃ វិឆ័យ រួចជនរងគ្រោះបាននិយាយទៅជនសង្ស័យឈ្មោះ ឡៃ វិឆ័យដែលជាឪពុកចុង សុំលុយចំនួន១០ដុល្លារ តែជនបង្កពុំអោយ ក្រោយមកជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងការ៉ាស់ជួសជុលរថយន្តទៅផ្ទះរបស់ខ្លួននៅសង្កាត់ស្ទឹងមានជ័យរួចប្រាប់ម្តាយខ្លួនថាឪពុកចុងរបស់ខ្លួនអោយយកលុយចំនួន៣០ដុល្លារ តែម្តាយមិនអោយលុយ ជនរងគ្រោះក៏ជិះម៉ូតូមកការ៉ាស់ជួសជុលរថយន្តវិញ បានមួយសន្ទុះម្តាយរបស់ជនរងគ្រោះបានមកដល់ការ៉ាស់ជួសជុលរថយន្តនិយាយគ្នាទៅវិញទៅមក ស្រាប់ឈ្មោះ ឡៃ វិឆ័យ ស្ទុះទៅវាយជនរងគ្រោះ ហើយឈ្មោះ ប៉ាង មុំ ក៏ស្ទុះទៅវាយជនរងគ្រោះបន្ថែមហើយឈ្មោះ ឡៃ វិឆ័យ បានទៅយកកៅអីវាយជនរងគ្រោះចំក្បាលអោយរបួស ក្រោយមកកម្លាំងល្បាតប៉ុស្តិ៍ទឹថ្លាបានល្បាតដល់ចំណុចកើតហេតុឃើញហេតុការណ៍ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕