បន្ទាយមានជ័យ៖ ស្ពានមិត្តភាពកម្ពុជា.ថៃច្រកអន្តរជាតិ(ស្ទឹងបត)ក្លាយជាកន្លែងទៅកំសាន្ត ក្នុងមួយថ្ងៃមានអ្នកទៅលេងកំសាន្តជិត១ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ដែលស្ថិតភូមិស្ទឹងបត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
គួររំលឹកថា៖ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ឃើញរយៈពេលចាប់ពីថ្ងៃទី៣០ ដល់៣១ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ឃើញមានបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅលេងកំសាន្តនៅលើស្ពានមិត្តភាពកម្ពុជា.ថៃ ច្រកអន្តរជាតិស្ទឹងបត ក្នុង១ថ្ងៃប្រមាណជិត១.០០០នាក់។
សង្កេតឃើញថា ប្រជាពលរដ្ឋដែលទៅលេងមានជិះ ម៉ូតូ ឡាន រ៉ឺម៉កកងបី បរិវេណក្បាលស្ពានហើយនាំកូនចៅទៅលេងដូចជាអង្គុយ លើស្ពានមើលទេសភាពដងស្ទឹង និងទេសភាពខាងកម្ពុជានិងថៃ និងថតរូបភាពកូនចៅលើស្ពានជាអនុស្សារីយ៍។ ព្រោះស្ពានមិត្តភាពកម្ពុជា.ថៃច្រកស្ទឹងបតនេះត្រូវបានកសាងស្ពានឆ្លងស្ទឹងកម្ពុជា.ថៃ ដែលមានដាក់បង្គោលភ្លើងសងខាងតាមបង្កាន់ដៃស្ពាន។
លោកស្រី អៀង កណ្ណារ៉ា អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅអំឡុងបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០១៩ រយៈ៣ទៅ៤ថ្ងៃ ឃើញមានប្រជាពលរដ្ឋអ្នកនៅក្រុងប៉ោយប៉ែត ឬមកពីតាមបណ្តាខេត្ត.ក្រុងនានា បាននាំកូនចៅមកលេងកំសាន្តលើស្ពានមិត្តភាពកម្ពុជា.ថៃស្ទឹងបតប្រមាណជិត១.០០០នាក់ ហើយមុនថ្ងៃបុណ្យ រឺនៅថ្ងៃសំរាកថ្ងៃសៅរ៍ អាទិត្យ មានបងប្អូនប្រជាពលរដ្ឋទៅលេង១ថ្ងៃប្រមាណជាង១០០ទៅ២០០នាក់។
លោកស្រីបានបញ្ជាក់ថា៖ស្ពានមិត្តភាពកម្ពុជា.ថៃស្ទឹងបតនេះ ជាច្រកទ្វាអន្តរជាតិស្ទឹងបតសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់នៅសាងសង់រួចរាល់ ដាក់សម្ពោធប្រើប្រាស់ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អោយតែភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសារធាររណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ស្ពានមិត្តភាពកម្ពុជា.ថៃស្ទឹងបទនេះ មានប្រវែង៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ដែលត្រូវបានកសាងស្ទើរតែរួចរាល់ដែលកសាងដោយភាគីថៃជាច្រកទ្វារអន្តរជាតិស្ទឹងបទ សម្រាប់រថយន្តដឹកទំនិញឆ្លងកាត់ ហើយនៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០១៩បានក្លាយជាកន្លែងកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋទៅលេងច្រើន ៕