ព្រះសីហនុ៖ ដោយអវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា(មិនបានសម្រេច) កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅចំណុចក្រុមទី០៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅចំណុចក្រុមទី០៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោចេតនា(មិនបានសម្រេច) មួយកើតឡើង។ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពសម្រុកចូលក្នុងរថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ក្នុងខណៈពេលដែលជនរងគ្រោះកំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ ដោយជនសង្ស័យទាំង ០៤នាក់នោះ មានកូនកាំបិតស្នៀត០១ដើម និងកាំភ្លើងខ្លី០១ដើម ក្នុងពេលដែលពួកគេកំពុងវាយ និងយកកាំភ្លើងភ្ជង់គំរាមកំហែងជីវិតរបស់ជនរងគ្រោះនៅក្នុងរថយន្ត ក៏ត្រូវកម្មកររបស់ជនរងគ្រោះឃើញ ហើយមានការឆោរឡោឡើង ពេលនោះជនសង្ស័យទាំង ០៤នាក់ បាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់ពីបានទទួលដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតចាប់ខ្លួនបានជនសង្ស័យចំនួន០១នាក់។
លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួស មានស្នាមជាំនៅកញ្ចឹងក។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន៖កូនកាំប៉ិតស្នៀត ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)។
បន្ទាប់ពីចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់បានជនសង្ស័យដែលសេសសល់ក្នុងករណី ចំនួន ០៣នាក់ បន្ថែមទៀត នៅថ្ងៃទី ០២ ខែកមរា ឆ្នាំ២០១៩ វេលាម៉ោង០៥ទៀបភ្លឺ។
ជនសង្ស័យទាំង ០៣នាក់រួមមានទី១-ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។ ទី២-ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ)។ និងទី៣-ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។
វត្ថុតាងចាប់យកបានបន្ថែម៖កាំភ្លើងខ្លី ០១ដើម ម៉ាក RUGER SR9c លេខឈូសចោល មានបង់ ០១ និងគ្រាប់០៤គ្រាប់ (ឧបករណ៍ប្រព្រឹត្តិបទល្មើស), កូនកាំប៉ិតស្នៀត០១ដើម, ស្រោមដៃ០១គូរ។
ប្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាន ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕