ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ករណីលួចខ្សែភ្លើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់បុរីភ្នំពេញថ្មី ផ្លូវ៥៩៨ ក្រុមទី០៣ ផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថាជនសង្ស័យឈ្មោះ អាត សុខខា ភេទប្រុស ឆ្នាំកំណើត១៩៩១ មានទីលំនៅភូមិក្រាំងក្រង២ សង្កាត់ក្រាំងខ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងបៀកថ្នាំផ្ទះ (ធ្លាប់ប្រើប្រាស់សារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ កែវ ស៊ីដេត ភេទប្រុស ឆ្នាំកំណើត១៩៨២ មានទីលំនៅ ផ្ទះលេខ៦A ផ្លូវលំ ភូមិសម្បូរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរប្រធានការដ្ឋាន។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ សន្តិសុខបុរីភ្នំពេញថ្មី បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថាមានជនសង្ស័យលួចខ្សែភ្លើងនៅក្នុងបុរីស្របពេលកម្លាំងកំពុងល្បាតនៅក្នុងភូមិសាស្ត្រក៏បានទៅអន្តរាគមន៍ភ្លាមៗនាំខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។
វត្ថុតាងដកហូត៖ ខ្សែភ្លើងប្រហែលមួយគីឡូក្រាម (បានប្រគល់ជូនជនរងគ្រោះវិញ)។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕