បន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរគ្រឿងញៀនប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបនិងដកហូតវត្ថុតាងថ្នាំញៀនជិតមួយគីឡូក្រាម។
ប្រតិបត្តិការខាងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មខាងលើបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទី២-ឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១ថង់កឹប ស្មើ ១០១៥.២ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, សៀវភៅធនាគារសាធារណៈរបស់(ពេជ្រ រដ្ឋា) ០១ក្បាល,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, សៀវភៅឆ្លងដែន ០១ក្បាល,ប័ណ្ណព្រំដែនកម្ពុជា-ថៃ ០១ក្បាល,សៀវភៅគ្រួសារ ០១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីសាកសួររួចមកជនសង្ស័យខាងលើមានសារភាពថា៖១-ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេបានបញ្ជាទិញគ្រឿងញៀនពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ២-ឈ្មោះ ពេជ្រ រដ្ឋា ៖ រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ ០១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ។
ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕