ឧត្តរមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចធុងហ្គាស់ចំនួន២និងចង្ក្រានហ្គាស់១ របស់ថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣និង១១នាទី រំលងអាធ្រាត នៅចំណុចទីស្នាក់ការនគរបាលអន្តោប្រវេសន៍ថៃ (ក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់) ស្ថិតក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។
នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ បានទទួលបណ្តឹងផ្ទាល់ពីខាងអជ្ញាធរថៃ ថាមានរឿងហេតុដូច ករណីខាងលើ និងដោយមានបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងប៉ុស្តិ៍ បានស្រាវជ្រាវក្នុងមូលដ្ឋានរបស់ខ្លួន ហើយឈានដល់ការកំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួចសម្ភារៈខាងលើបានចំនួន ២នាក់។
ជនសង្ស័យទី១-ឈ្មោះ ប្រុស រតនា ហៅអាតួ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាទើបចេញពីពន្ធនាគា ដកហូតប្រភេទថ្នាំយ៉ាម៉ាចំនួន ១គ្រាប់ និងទី២-ឈ្មោះ នី ម៉ៅ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ មុខរបរ មិនពិតប្រាកដ និងជាមុខសញ្ញាទើបចេញពីពន្ធនាគា។
ដកហូតវតថុតាងបាន៖ធុងហ្គាស់ចំនួន២និងចង្ក្រានហ្គាស់ចំនួន១។ បច្នុប្បន្នជនសង្ស័យទាំងពីរខាងលើកំពុងសាកសួរនៅប៉ុស្តិ៍ រួចហើយបញ្ជូនមកអធិការដ្ឋានក្រុង ដើម្បីកសាងសំណុំរឿងនីតិវិធីបន្ត៕