ភ្នំពេញ៖ ស្ត្រីម្នាក់ និងក្រុមគ្រួសារ ត្រូវបានគ្រូពេទ្យបម្រើការងារ នៅក្នុងមន្ទីរពេទ្យចិន វិចតូរៀ ឃុំខ្លួនទុក បន្ទាប់ពីគ្មានលុយបង់ថ្លៃសេវា វះកាត់ចំនួន ២ពាន់ដុល្លារ។ ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យ វិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ មួយ ហៀង អាយុ ១៩ឆ្នាំ រស់នៅម្តុំផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រី ដែលត្រូវពេទ្យចាក់សោរទុកក្នុងបន្ទប់នៅមន្ទីរពេទ្យ វិចតូរៀ បានប្រាប់អ្នកសារព័ត៌មានថា មុនដំបូង គាត់មានជំងឺស្ត្រី (គីសដៃស្បូន) ហើយដោយមើលឃើញតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យខាងលើ មានជំនាញផ្នែករោគស្ត្រី និងបុរស។ បន្ទាប់ពីបានទទួលបានព័ត៌មាន ជនរងគ្រោះ បានអោយក្រុមគ្រួសារ ជូនមកពិនិត្យ ព្រោះមន្ទីរពេទ្យបានផ្សាយថា ពិនិត្យមិនគិតលុយនោះទេ។ ប៉ុន្តែពេលគាត់មកដល់ពិនិត្យរួចហើយ លោកគ្រូថា ជនរងគ្រោះ ត្រូវតែវះកាត់ បើមិនវះកាត់ទេ ជនរងគ្រោះ នឹងត្រូវស្លាប់។
ប្រភពពីជនរងគ្រោះ បានឱ្យក្រុមអ្នកសារព័ត៌ដឹងថា បន្ទាប់ពីពិនិត្យពេទ្យ ក៏បង្ខំអោយគាត់វះ ដោយមិនបានប្រាប់ពីតម្លៃថា អស់ប៉ុន្មាននោះទេ។ បន្ទាប់ពីវះកាត់ហើយ ខាងមន្ទីរពេទ្យបានចេញវិក័យបត្រអស់ប្រាក់ចំនួន ៤០០០ ដុល្លារ ប៉ុន្តែបញ្ចុះតម្លៃ ៥០% នៅសល់ ២ពាន់ដុល្លារ ជនរងគ្រោះ បានបង់ឱ្យ ៦០០ ដុល្លារសិន នៅសល់ ១៤០០ ដុល្លារ ហើយបើនៅសម្រាកមួយយប់ នៅក្នុងមន្ទីរពេទ្យ ត្រូវបង់ ៥០០ ដុល្លារ។ ខាងគ្រូពេទ្យ ដែលប្រចាំការនៅមន្ទីរពេទ្យ វិតូរៀ មិនព្រមឱ្យចេញទេ ដោយប្រាប់ជនរងគ្រោះថា ឱ្យក្រុមគ្រួសារ យកលុយមកបង់គ្រប់ ទើបអោយចេញទៅផ្ទះ។
ពាក់ព័ន្ធករណីមន្ទីរពេទ្យ វិចតូរៀ បង្ខំអ្នកជំងឺឱ្យវះកាត់ ដោយមិនបានពិភាក្សាជាមួយក្រុមគ្រួសារ និងបង្ខាំងអ្នកជំងឺថែមទៀតនោះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ សារព័ត៌មានយើង មិនអាចសុំការបកស្រាយពីខាងមន្ទីរពេទ្យ វិចតូរៀ ដែលស្ថិតនៅផ្លូវកែងកាត់ជ្រុងស្តុបផ្សារមាន់អាំង ជិតសាលាឥន្ទ្រទេវី បាននៅឡើយទេ។
រីឯអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អគ្គនាយកសុខាភិបាល និងលោ លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល មិនអាចទាក់ទងបានទេ ដោយហៅទូរស័ព្ទចូល ពុំមានអ្នកទទួល៕