ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨:០០នាទី នៅសណ្ឋាគារ Angkor Palace Resort សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម ILYAS UMAKHANOV អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ចូលជួប សម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងការប្រកាសបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាប ដែលជាទឹកដីនៃសម្បតិ្តបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញ ចូលរួមនៃកិច្ចប្រជុំនេះ មិនត្រឹមតែជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់ព្រះរាជាណាចក្រកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ គឺជាការចូលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-រុស្ស៊ី។
ក្នុងឱកាសនោះ ឯកឧត្តម ILYAS UMAKHANOV បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបសវនាការនា ឱកាសនេះ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។ ការបង្កើតឡើងនៃវេទិកានេះ មានរយៈពេល៣៥ឆ្នាំមកហើយ ដែលមានការទទួលស្គាល់តួនាទីដ៏សំខាន់នៃវេទិកានេះ ក្នុងការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងសភា និងសភា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក កាន់តែជិតស្និត និងល្អប្រសើរឡើង។
ឯកឧត្តម ILYAS UMAKHANOV បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នាពេលខាងមុខនេះ លោកជំទាវប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលសមស្របណាមួយ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះសម្តេចផ្ទាល់។ សម្តេចបានទទួលយកការអញ្ជើញឯកឧត្តមប្រធានគណៈប្រតិភូ ហើយនឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងប្រជាជននៃប្រទេសកម្ពុជាលើគ្រប់វិស័យក្នុងកាលៈទេសៈលំបាក បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា រំដោះរួចចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះ គឺជាមនោសញ្ចេតនាមិត្តភាពយ៉ាងជ្រាលជ្រៅ មានលក្ខណៈជាប្រវតិ្តសាស្ត្រដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជក់ថា នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាសំខាន់ៗជាច្រើនវិស័យ និងបានបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋ-កិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស សំដៅរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសទាំងពីរ ឆ្ពោះទៅកាន់សករាជថ្មី។ ជាមួយគ្នានេះ សម្តេចក៏សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នា និងចូលរួមជំរុញនៃការអនុវត្តប្រកបដោយការទទួលខុសត្រូវដោយទូលំទួលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដែលមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយា់ងល្អជាមួយគ្នា ទាំងក្នុងទំនាក់ទំនងទ្វេភាគី និងលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដែលបានផ្តល់អាហារូបករណ៍ និងទទួលមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផ្នែកបណ្ណាល័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងផ្នែកទំនាក់ទំនងអន្តរជាតិ ព្រមទាំងធ្វើកម្មសិក្សានៅប្រទេសរុស្សី និងបានបញ្ជូនអ្នកឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសរុស្សី មកបណ្តុះ បណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ផ្តល់សៀវភៅសម្រាប់តម្តល់នៅពិភពរុស្ស៊ីក្នុង បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ដើម្បីបម្រើដល់ការស្រាវជ្រាវរបស់សាធារណជន។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ប្រទេសរុស្ស៊ី គឺជាប្រទេសដែលបានជួយបណ្តុះ បណ្តាលធនធានមនុស្ស ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាត្រូវការធនធានមនុស្ស ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង អតីតនិស្សិតកម្ពុជាដែលបានទទួលការបណ្តុះបណ្តាល នៅប្រទេសរុស្ស៊ី បច្ចុប្បន្នមួយចំនួនបាននឹងកំពុងតែកាន់តួនាទីសំខាន់ៗ ជាមន្រី្តជាន់ខ្ពស់ ថ្នាក់មធ្យម នៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់ក្រោមជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនគណៈប្រតិភូ សូមឱ្យមានសុខភាពល្អបរិបូរណ៍ មានសេចក្តីសប្បាយរីករាយក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)នេះ ៕