ពោធិ៍សាត់៖ ក្មេងប្រុស-ស្រី២នាក់ ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយខ្នងកាលពីវេលាម៉ោង៤និង១០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បាលខ្មោច ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។
ករណីនេះបណ្តាលឲ្យផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ×៤ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងស័ង្កសី កំពស់ ២ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ត ឯល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម នឹងប្រពន្ធឈ្មោះ សី ធាង អាយុ៣១ឆ្នាំ រស់នៅម្តុំចំណុច អណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ឆេះអស់ទាំងស្រុង។
ជនរងគ្រោះស្លាប់នៅក្នុងអគ្គិភ័យខាងលើរួមមាន៖ទី១-ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ០៧ឆ្នាំ, ទី២-ឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ០៣ឆ្នាំ បានស្លាប់ក្នុងភ្លើងឆេះផ្ទះនេះ។
ប្រភពព័ត៌មានពីឪពុក ម្តាយក្មេងជនរងគ្រោះបានឲ្យដឹងថានៅពេលដែលម្តាយទៅច្រូតស្បូវចំងាយពីផ្ទះប្រហែល ៥០០ម៉ែត្រ និងឪពុកទៅ មើលក្របី ចំងាយប្រហែល ០៣គីឡូម៉ែត្រ និងកូនប្រុសច្បង អាយុ ០៩ឆ្នាំ ទៅចងគោហើយពួកគាត់បានទុកកូនតូចទាំងពីរនៅផ្ទះ ហើយកន្លែងកើតហេតុនៅឆ្ងាយដាច់ៗពីផ្ទះគេ ដូច្នេះហើយបានជាមិនមានអ្នកណាដឹង មិនអាចមកជួយទាន់ពេលវេលា។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គីភ័យនេះគឺកើតឡើងប្រហែលជាក្មេងទាំងពីរនាក់បានយកដែកកេះបង្កាត់ភ្លើងដាំទឹកឆុងមី ទើបបណ្តាលឲ្យមានអគ្គិភ័យកើតឡើងដូច្នេះ។ រីឯសម្ភារៈខូចខាតមាន៖ស្រូវ១០ការ៉ុង, អង្ករ២០ការ៉ុង នឹងសម្ភារៈមួយចំនួនទៀត ៕