បាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន កាលពីថ្ងៃអង្គារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី។
លោកវរសេនីយ៍ទោ សុខ និមល នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាំ ដុំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន។
សមត្ថកិច្ចបានដកហូតៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣ថង់ ទម្ងន់ ២៨,១៩ក្រាម, (WY យ៉ាម៉ា) ចំនួន ២២គ្រាប់, ទូរស័ព្ទដៃ ១គ្រឿង, អាកូម គ្រឿង, កាំភ្លើងកែច្នៃ ២ដើម, គ្រាប់ ២គ្រាប់, និងគីបគ្រាប់ ៥គ្រាប់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕