ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រតិកម្មចំពោះលោកហេង ឡុង ដែលបានបង្ហោះសារលើបណ្តាញសង្គមFacebook Page Heng Loong "ក្នុងនាមជាប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរក្រុងព្រះសីហនុចាត់វិធានការបណ្ដោះអាសន្នដើម្បីបញ្ចៀសទឹកកខ្វក់ដែលកំពុងតែបង្ហូរបំផ្លាញសមុទ្រធម្មជាតិដែលជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា បើបងប្អូនគាំទ្រឲ្យអាជ្ញាធរដោះស្រាយសូមជួយ share ម្នាក់មួយផង។ មន្ត្រីរដ្ឋបាល គឺជាអ្នកដែលចេះដឹង និងគិតគូរអំពីទីតាំងដែលរដ្ឋបាលរបស់ខ្លួនកាន់កាប់ តែមិនគួរប្រើស្ដីដែលមិនចេញពីខួរមកឆ្លើយតបគេបែបនេះសោះ... គេនិយាយរឿងបង្ហូរទឹកស្អុយចូលសមុទ្រ បែរជាឆ្លើយថាកំពុងធ្វើលូ ធ្វើប្រឡាយទៅវិញ ....ដែលឆ្ងល់គឺថា ទឹកស្អុយនឹងហេតុអ្វីបានជាបង្ហូរចូលសមុទ្រ? ខ្វះកន្លែងបង្ហូរណាស់ឬ? ហើយមិនដឹងបង្ហូរតាំងពីពេលណាមក?ប្រហែលជាដុល្លារបាំងមុខទើបពួកគាត់អត់ដឹងថាមានគេបង្ហូរទឹកស្អុយចូលសមុទ្រ....លោកអាចម៍ញ៉ាធរ...សម្ដីពួកមន្ត្រីជើង១០តែប៉ុណ្ណឹង"។
ក្រោយពេលដែលលោក ហេង ឡុង បានធ្វើការរិះគន់ទៅលើថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទាក់ទងនឹងការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្ររួចមកស្រាប់តែពេលនេះមន្ត្រីរដ្ឋបាលនៃព្រះសីហនុម្នាក់បានចេញមកបកស្រាយ ហើយប្រើពាក្យធ្ងន់ៗថាលោក ហេង ឡុង គឺជាមនុស្សគ្មានសីលធម៌ គ្មានចំណេះដឹងក្នុងខ្លួន នោះទេ។ លោក ណារ៉ា នងឌី បានរៀបរាប់និងប្រើប្រាស់ពាក្យធ្ងន់ៗទៅកាន់លោក ហេង ឡុង ថា៖"ហេង ឡុង មុនលោកបង្ហោះសារមួយនេះ ខ្ញុំបានចាត់ទុកលោកគឺជាថ្នាក់ដឹកនាំម្នាក់ ដែលតែងតែមានមេត្តា ករុណា និងចិត្តធម៌ក្នុងខ្លួន មិនអាចកាត់ថ្លៃបាន ដោយសារកន្លងមក លោកបានភ្ជាប់ខ្លួនទៅនឹងការងារមនុស្សធម៌ជាមួយនឹងសិល្បៈ។ ប៉ុន្តែក្រោយពីបានឃើញសារនេះ ខ្ញុំបានចាត់ទុកលោកជាមនុស្សគ្មានសីលធម៌ គ្មានចំណេះដឹង និងខ្វះការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ។ ហេតុអីបានជាខ្ញុំហ៊ាននិយាយដូច្នេះ? ព្រោះក្នុងនាមលោកជាអ្នកដឹកនាំសិល្បៈ សមាគមន៍មួយរូប លោកពុំគួរប្រើពាក្យសំដី (ពួក វា) បែបនេះ ទៅកាន់ថ្នាក់ដឹកនាំទេ។ ពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងទឹកកខ្វក់ អាងប្រព្រឹត្តិកម្មនៅក្នុងក្រុងព្រះសីហនុ ជាកិច្ចការរួមមួយដែលនីតិវិធីគ្រប់គ្រងរដ្ឋបាល គេហៅថា វិមជ្ឈការ។ និយាយអោយស្រួលយល់គឺ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាធ្វើដើម្បីឱ្យប្រសើរឡើង។ ដូចករណីនេះ មានក្រសួងចំនួនបួន គឺក្រសួងនគរដែនដី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ រួមទាំង ឯកត្តម អភិបាលខេត្ត បាននឹងដំណើរការចាត់វិធានការកសាងស្ថានីយ៍បូមទឹកកខ្វក់ ចំនួន៤កន្លែង។ ស្ថានីយ៍ទាំង៤ ទីតាំងនេះ មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានបរិមាណ ២០,000 ម៣/ ១ថ្ងៃ។ ដូច្នេះវាធ្វើនឹងឱ្យបរិស្ថានបានប្រសើរឡើងក្រោយពីកសាងរួចនាពេលដខ្លីខាងមុខ។ យ៉ាងដូច្នេះហើយបានជាខ្ញុំហ៊ាននិយាយថាៈ លោកជាមនុស្សគ្មានចំណេះដឹង មិនបានស្រាវជ្រាវបានល្អិតល្អន់ រួមទាំងសម្ដីគ្មានសុជីវធម៌ ទៅលើថ្នាក់ដឹកនាំផងដែរ នៅពេលដែលលោកសរសេរបែបនេះ។ ខ្ញុំស្រលាញ់ខេត្តព្រះសីហនុ និងសូមសម្តែងការអរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានសហការស្តារ និងអភិវឌ្ឍខេត្ត"។
ពាក់ព័ន្ធករណីខាងលើសារព័ត៌មានយើងមិនទាន់សុំការបកស្រាយពីលោក ហេង ឡុង បាននៅឡើយទេនៅព្រឹកថ្ងៃទី២២ ខែមករា ខែមករា ឆ្នាំ២០១៩។
ចំណែកលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏សារព័ត៌មានយើងមិនអាចសុំការពន្យល់បានដែរករណីលោកហេង ឡុង បង្ហោះសារខាងលើ នៅព្រឹកថ្ងៃទី២២ ខែមករានេះ ៕