ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី នៅចំណុចមុខហាងសាំងតេលាផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថាជនរងគ្រោះឈ្មោះសុខ ភារម្យ ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨៩ ផ្លូវរថភ្លើងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
ជនសង្ស័យរួមមានៈទី១-ឈ្មោះថុន បុរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំសង្កាត់ស្វាយប៉ាក (មានសារធាតុញៀន) អ្នកបើកម៉ូតូឃាត់ខ្លួន។ ទី២-ឈ្មោះនិត ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ជាអ្នកធ្វើសកម្មភាពឆក់ ឃាត់ខ្លួន។ ទី៣-ឈ្មោះផេង ដារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំងស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀន)បក្ខពួក ឃាត់ខ្លួន។ ទី៤-ឈ្មោះ អឿ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ( គេចខ្លួន)។
សម្ភារៈដកហូតរួមមានៈម៉ូតូ២គ្រឿង(ម៉ាកប៊ីត ពណ៌សលាយខៀវ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-2002(ម៉ូតូជិះធ្វើសកម្មភាព, ម៉ាកC110 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1086), ទូរស័ព្ទចំនួន៤គ្រឿង (ម៉ាកអាយហ្វូនភ្លើស ពណ៌ខ្មៅ១គ្រឿង (ជារបស់ជនរងគ្រោះ) ម៉ាកអាយហ្វូនស៊ិច ពណ៌ស១គ្រឿង(របស់ជនសង្ស័យ)ម៉ាកណូគា(អ៊ិនចុចពិល៣គ្រឿង)របស់ជនសង្ស័យ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកប្រពន្ធដោយដាក់ទូរស័ព្ទនៅក្នុងហោប៉ាវអាវខាងមុខជិះតាមបណ្តោយផ្លូវ៥៩៨ ពីត្បូងទៅជើងពេលដល់ចំណុចកើតហេតុខាងលើជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង។ ចំណែកឯម៉ាកប៊ិតពាក់ស្លាកលេខ 1HD-2002 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពីហោប៉ាវអាវរួចគេចខ្លួនបាត់ដោយជនរងគ្រោះបានស្គាល់ស្លាកលេខ និងភិនភាគម៉ូតូក៏បានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ខាងលើនៅចំណុចផ្ទះសំណាក់បឹងលាភ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាព និងទូរស័ព្ទរបស់ជនរងគ្រោះមកវិញ។ បន្ទាប់មកសម្ថកិច្ចបានស្រាវជ្រាវបានសហការកម្លាំងជំនាញខណ្ឌព្រែកព្នៅ ឈានទៅឃាត់ជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៤០នាទី នៅចំណុចផ្សារភូមិធំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ។
ជនសង្ស័យឈ្មោះអឿ ចន្ថា ហៅត្នោត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវ១៥១ក្រុម៨ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ (មានសារធាតុញៀន)។ សម្ភារៈដកហូតរួមមានៈម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1HG-6689 ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿង ស្រាវជ្រាវរកបក្ខពួកបន្ថែម និងបញ្ជូនតាមនីតិវិធី ៕