ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ។ ឯកឧត្តម នឹងថ្លែងសុន្ទរកថាបើក ដោយផ្តោតទាំងស្រុងលើវត្តមាន និងការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងស្រុក នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលសរុបទាំងអស់ប្រមាណ៣០០នាក់។
គួរកត់សម្គាល់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការមិនមែនរដ្ឋាភិបាលបរទេស៕