ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ នឹងរួមចំណែកលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (Foreign NGOs) ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ វេទិកានេះ ក៏នឹងផ្តល់ឱកាសឲ្យយើងរួមគ្នាកំណត់នូវបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន ឲ្យកាន់តែមានប្រសិទ្ធភាពសក្តិសមជានីតិរដ្ឋ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។
លោក ប្រាក់ សុខុន លើកឡើងថា ត្បិតយើង ទើបមានឱកាសជួបប្រជុំគ្នាជាលើកដំបូង ជាផ្លូវការនាពេលនេះ ក្រោយពីការប្រកាសដាក់ឲ្យអនុវត្តច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល (Law on Associations and Non-Governmental Organizations-LANGO) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ប៉ុន្តែយើងបានបន្តប្រពៃណីនៃកិច្ចសហការគ្នាល្អ ក្នុងភាពជាដៃគូជាដរាបមក។
ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះគ្រប់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ដែល មានសមានចិត្ត និងសុឆន្ទៈស្មោះសរ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ក្នុងគ្រប់កាលៈទេសៈដោយឥតលក្ខខណ្ឌ ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជា សម្រេចបាននូវសន្តិភាពពេញលេញ, ឯករាជ្យភាព, ការឯកភាពជាតិ, ដំណើរការលទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពជាទូទៅលើគ្រប់វិស័យ។
លោកបន្តថា សមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន កន្លងមក ពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ មានវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់សេវា និងគាំទ្រដល់វិស័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋានជនបទ និង សហគមន៍ដាច់ស្រយ៉ាល នៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ និងបើកទ្វារចំហរង់ចាំស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ដែលប្រតិបត្តិដោយសុឆន្ទៈនិង ឈរលើឧត្តមគតិនៃការគិតគូរដល់ប្រយោជន៍ប្រជាជនជាធំ។
លោក ប្រាក់ សុខុន បន្តថា ច្បាប់ ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចមានចែង ក្នុងមាត្រា ១ និង មាត្រា ២ នៃច្បាប់នេះ។ វាជាការបើកទំព័រសករាជថ្មី នៃភាពជាដៃគូដែលឈរលើ មូលដ្ឋាននិងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក, ការគោរពនូវភាពជាម្ចាស់នៃជោគវាសនា ប្រទេសខ្លួន និងអធិបតេយ្យភាពជាតិ នៅក្នុងបរិការណ៍នៃប្រទេសជាតិមួយដែលបាននិងកំពុងខិតខំ កសាងនិងពង្រឹងនីតិរដ្ឋ ឧត្តមភាពជាតិ និងវិបុលភាពរបស់ប្រជាជនខ្លួន។ ម្យ៉ាងវិញទៀត ច្បាប់នេះក៏ បានបង្កើតនូវក្របខ័ណ្ឌ និងមូលដ្ឋានគ្រឹះគតិយុត្តិមួយជាក់លាក់ ច្បាស់លាស់សម្រាប់តួអង្គពាក់ព័ន្ធ ងាយស្រួលក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន និងធានាអនុលោមភាព។ ការគោរពបានទាំងស្រុងនូវច្បាប់ នេះ នឹងធានាបាននូវប្រសិទ្ធិភាព ស័ក្តិភាព ភាពជឿជាក់ និងនិរន្តរភាពយូរអង្វែងនៃភាពជាដៃគូក្នុង ការរួមចំណែកកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយតែងឲ្យតម្លៃជានិច្ចដល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលជាផ្នែកមួយដំណើរ ការលទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជារដ្ឋអធិបតេយ្យ និងជាអង្គដែលទទួលបានអាណត្តិស្របច្បាប់ តែមួយគត់ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងការដឹកនាំ, រាជរដ្ឋាភិបាលមានបំណងប្រាថ្នាតែមួយគត់ គឺរួមគ្នាធ្វើយ៉ាងណាឲ្យការចូលរួមទាំងនោះប្រព្រឹត្តទៅដោយការគោរពគ្នាទៅវិញទៅមកនូវអាណត្តិកិច្ច និងស្ថិតត្រឹមដែនកំណត់នៃសិទ្ធិ ក្នុងកិច្ចប្រតិបត្តិការរៀងៗខ្លួន។
លោកប្រាក់ សុខុន បានគូសបញ្ជាក់ថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ អំពីសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក (Local Associations/NGOs) ត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បរទេស (Foreign Associations/NGOs) ត្រូវចុះបញ្ជីនៅក្រសួងការបរទេស និងសហប្របត្តិការ អន្តរជាតិ ក្រោមទម្រង់អនុស្សរណៈនៃការយោគយល់គ្នា (MoU)។ MoU រវាងក្រសួងការបរទេសជាមួយ អង្គការមិនមែនរដ្ឋាភិបាលបរទេស មានសុពលភាព ៣ (បី)ឆ្នាំ និងអាចបន្តសុពលភាពបាន។ ក្រោយច្បាប់នេះ ចូលជាធរមាន ក្រសួងបានធ្វើការកែតម្រូវខ្លឹមសារនៃ MoU គំរូចាស់ ឲ្យស្របតាម ខ្លឹមសារនៃច្បាប់ និងបានអនុវត្ត MoU គំរូថ្មី ចាប់ពីខែមករា ឆ្នាំ២០១៦ ព្រមទាំងបានទទួលចុះ MoU ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសថ្មីចំនួន៦៥ បន្ថែមទៀត។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ហើយអង្គការមិនមែន រដ្ឋាភិបាលបរទេសទាំងនោះមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្ត្រាលី ដែលមាន គម្រោងសំខាន់ៗផ្តោតលើវិស័យៈ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន។
លោក ប្រាក់ សុខុន បន្តថា “រាជរដ្ឋាភិបាល បានជ្រាប និងយល់ច្បាស់នូវក្តីបារម្ភ និងក្តីកង្វល់របស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ខ្លួននៅមូលដ្ឋាន នៅក្នុងបរិបទនៃក្របខ័ណ្ឌច្បាប់ថ្មី។ ជាការពិត កិច្ចដំណើរការអភិវឌ្ឍនិងការពង្រឹងនីតិរដ្ឋ អធិបតេយ្យភាព និងភាពជាម្ចាស់ក្នុងការដឹកនាំប្រទេស រមែងនាំមកនូវការផ្លាស់ប្តូរបរិបទ ក៏ដូចជាលំអាន និងនិយាម ប្រតិបត្តិការមួយចំនួន ដែលតួអង្គពាក់ព័ន្ធធ្លាប់និងស៊ាំរួចទៅហើយៗពុំចង់ ឬមានការលំបាកធ្វើការកែប្រែ។ ប៉ុន្តែខ្ញុំយល់ថា មានតែមូលដ្ឋានច្បាប់ និងគតិយុត្តិច្បាស់លាស់ប៉ុណ្ណោះ ដែលជាសរសរស្តម្ភ រឹងមាំទ្រទ្រង់ឲ្យកិច្ចសហប្រតិបត្តិការរបស់យើង អាចមានអាយុកាលយូរអង្វែង ប្រកបដោយភាពសុខដុម និងជោគជ័យ។ ច្បាប់នេះ មិនត្រូវបានធ្វើឡើង ដើម្បីរឹតត្បិតអង្គការណាមួយទេ ប៉ុន្តែច្បាប់នេះ នឹងតម្រូវឲ្យអង្គការទាំងអស់ ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់”។
លោករដ្ឋមន្ត្រីការបរទេស បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវបន្តសហការ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការដែលនៅមានសុពលភាព MoU ជាមួយក្រសួងការបរទេស ក្នុងកិច្ចប្រតិបត្តិការសកម្មភាពរបស់ពួកគាត់។ ទន្ទឹមនេះ សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនឲ្យស្របតាមក្របខ័ណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះទៀត សូមជៀសវាងជាដាច់ខាតនូវ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមានដល់កម្ពុជាយើងលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ ជាដើម។ ទន្ទឹមនឹងនេះ សូមអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធធនាគារដែលស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការចេញដោយធនាគារជាតិ នៃកម្ពុជា៕