ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមជាសហប្រធានកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងណៃពិដោ តបតាមការអញ្ជើញរបស់ឯកឧត្តម ច ទីន រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ាលើកទី២នេះ នឹងវាយតម្លៃអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ហើយនឹងរិះរកវិស័យសហប្រតិបត្តិការថ្មី ដើម្បី ជម្រុញបន្ថែមទៀតនូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងណៃពិដោ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម វីន ម្ញីនត៍ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕