បន្ទាយមានជ័យ៖ រថភ្លើងដែលចរាចរណ៍ពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបងបានបុករថយន្តដឹកដីបណ្តាលក្រឡាប់រថយន្ត តែសំណាងគ្មានអ្នករងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោកអនុសេនីយ៍ឯក ឡា រៀម នាយផ្នែកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថភ្លើងបុករថយន្តដឹកដី គឺបណ្តាលមកពីរថយន្តធុនធំម៉ាក់HOWOដែលពាក់ស្លាក់លេខAT3.0798 បានចេញពីដឹកថ្មចេញពីភ្នំធំផ្នែកខាងត្បូងភ្នំធំហើយបើកចេញទិសដៅពីលិចមកកើតឆ្លងផ្លូវដែកដែលមិនបានប្រុងប្រយ័ត្នត្រូវរថភ្លើងដែលអូសទូចំនួន២ ដឹកអ្នកដំណើរទិសដៅពីជើងទៅត្បូងក្នុងទិសដៅពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង បុករថយន្តដឹកដីបណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើមផ្លូវ។
លោកបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងបុករថយន្តដឹកដីពុំបណ្តាលឱ្យមានអ្នករងគ្រោះទេ តែបណ្តាលឱ្យអ្នកដំណើរជិះក្នុងរថភ្លើងបណ្តាលភ័យស្លន់ស្លោរហើយអ្នកបើកបររថយន្តដែលត្រូវរថភ្លើងបុកបានគេចខ្លួនបាត់ហើយរថយន្តក្រឡាប់ខូចចំណែករថភ្លើងកំពិតផ្នែកខាងមុខ។
លោកអនុសេនីយ៍ឯក ឡា រៀម បានបញ្ជាក់ថា៖មូលហេតុដែលរថភ្លើងបុករថយន្តដឹកដីនេះបង្កឡើងដោយរថយន្តដឹកដីចេញពីភ្នំធំបើកឆ្លងកាត់ផ្លូវដែកគ្មានការប្រុងប្រយ័ត្នទើបបណ្តាលរថភ្លើងបុកបណ្តាលគ្រោះថ្នាក់កើតឡើង ក្រោយពេលពិនិត្យហើយកម្លាំងជំនាញបានយករថយន្តដែលបង្កទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកមង្គលបូរី ៕