ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយអាជ្ញាធរមូលដ្ឋាន បានយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង ស្ថិតនៅខណ្ឌព្រែកព្នៅ និង០១ទីតាំងទៀត ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាលើបានធ្វើឡើងកាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយ ទាំង ០៥ ផងដែរ។
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យដឹងថាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០១ ទីតាំង ស្ថិតក្នុងខណ្ឌព្រែកព្នៅ មិនមានអនុលោមភាពផែ្នកបរិមាណ។ ដោយសារនេះជាការរកឃើញលើកទី១ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ។ បើមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕