ផលិតផល​មិន​មានច្បាប់​អនុ​ញ្ញ​ត​ត្រឹមត្រូវ​ និង​ហួស​កាលបរិច្ឆេទ​ ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ រក​ឃើញ​ក្នុង​ ​ឃ្លាំង​ស្តុក​ចែកចាយ​ផលិតផល​ភេសជ្ជៈ​គ្រប់មុខ​ មួយ​កន្លែង​ ស្តិ​ត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

01-February-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១១​រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​ និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ចែកចាយ​ផលិតផល​ភេសជ្ជៈ​គ្រប់មុខ​ មួយ​កន្លែង​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ឃ្លាំង​លេង​ ១​ ផ្លូវជាតិ​លេខ​ ៥​ សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

​ក្នុង​សកម្មភាព​នោះ​ដែរ​ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ផលិតផល​មាន​ដូច​ជា​៖​ ទឹកក្រូច​ ទឹកបរិសុទ្ធ​ ទឹក​ផ្លែ​ឈើ​ និង​ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត​ សរុប​ ៣៨​មុខ​ ដែល​បាន​នាំ​ចូល​ពី​បរទេស​តាម​មាត់ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​ គឺ​ដើម្បី​ទប់ស្កាត់​នូវ​ទំនិញ​ខូចគុណភាព​ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ និង​ទំនិញ​ដែល​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ ឬ​ធ្វើ​ឱ្យ​ខាតបង់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នក​ប្រើប្រាស់​។​

​ជា​លទ្ធផល​ មន្ត្រី​កាំកុងត្រូល​បាន​សង្កេត​ឃើញ​ថា​ផលិតផល​ទាំង​អស់នោះ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ហើយ​ក្នុង​ចំណោម​ផលិតផល​ទាំងអស់​មាន​ផលិតផល​ ៥​មុខ​ ជា​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​មាន​ចំនួន​ស្មើនឹង​ ៤៧២​ យួរ​ និង​៣​កេស​ ព្រមទាំង​យក​គំរូ​មួយ​ចំនួន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ និង​ដកហូត​យក​មក​រក្សា​ទុក​នៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដើម្បី​ធ្វើការ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

​បន្ទាប់​ពី​ត្រួតពិនិត្យ​រួចរាល់​ មន្ត្រី​កាំកុងត្រូល​បានឱ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ចែកចាយ​ផលិតផល​ភេសជ្ជៈ​គ្រប់មុខ​ខាងលើ​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ចែកចាយ​ផលិតផល​ និង​ហួស​កាល​បរិ​ចេ្ឆ​ទ​ប្រើប្រាស់​បន្ត​ទៀត​ ករណី​មិន​រាង​ចោល​នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20592087

  • ថ្ងៃនេះ4651
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34481
  • ខែនេះ149631
  • ឆ្នាំនេះ149631
  • សរុប20592087