ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តគម្រោងសាកល្បងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍ នៅសង្កាត់ច្បារអំពៅ១ ច្បារអំពៅ២ នៃខណ្ឌច្បារអំពៅ ខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមវត្តមាន លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងលោក ថេង សុថុល អភិបាលរងដោយមានការអញ្ជេីញចូលរួមពីវិស័យសុខាភិបាល គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ សង្កាត់ច្បារអំពៅ១ ច្បារអំពៅ២ គណកម្មការសម្របសម្រួលការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅសង្កាត់ទាំងពីរ។
លោក ថេង សុថុល អភិបាលរង តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយ ដោយបង្កើនការងារផ្សព្វផ្សាយ និងជម្រុញអ្នកញៀនគ្រឿងញៀនហ៊ានចេញមកយកសេវាព្យាបាល នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅក្នុងសហគមន៍របស់យើង។
លោក វេជ្ជបណ្ឌិត ស៊ិន អ៊ាប តំណាងវិស័យសុខាភិបាល បានមានប្រសាសន៍ថា ការងារព្យាបាលអ្នកញៀនគ្រឿងញៀនត្រូវការចាំបាច់ការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសហគមន៍បញ្ចុះបញ្ចូលអ្នកញៀនគ្រឿងញៀន និងអាណាព្យាបាល ឲ្យគាត់ជឿជាក់ព្រមសហការបញ្ជូនអ្នកញៀនមកទទួលយកសេវា ។
ក្នុងឱកាសនោះ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្កាត់ទាំងពីរច្បារអំពៅ១ ច្បារអំពៅ២ ដែលបានខិតខំបំពេញការងារបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកសម្រេចតាមផែនការ និងសូមបន្តការខិតខំរួមគ្នាដើរឆ្ពោះទៅគោលដៅរបស់យើងទាំងអស់គ្នា "រួមគ្នាព្យាបាលអ្នកញៀនគ្រឿងញៀន" ភាពញៀនគ្រឿងញៀនមិនមែនជាបទឧក្រឹដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន ៕