ត្បូងឃ្មុំ៖ មនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងកង់។ ឧបទ្ទវហេតុគ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២-២០៣ ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-7627 បើកបរដោយឈ្មោះ យីន តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) បានឌុបឈ្មោះ ស៊ាន ហ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ(របួសស្រាល) ពេលមកដល់កន្លែងបានបុកជាមួយកង់ ពណ៌ខ្មៅ ជិះដោយឈ្មោះ ធី សារ៉ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់នៅមន្ទីរពេទ្យ) ទិសដៅ ស្របទិសគ្នាពីលិចទៅកើត ម៉ូតូបើកបរក្នុងល្បឿនលឿន ស្របពេលកង់បត់ឆ្វេង ក៏បុកពេញទំហឹងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការស្រុកដើម្បីចាត់ការតាមនីតិវិធី ៕