ស្នងការ​នគរបាល​ខេត្តកំពត​ បដិសេធ​ករណី​ដោះ​លែង​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ មិន​ទាន់​ដោះស្រាយ​

11-February-2019 | ដោយ ពលមនសិការ

កំពត​៖​ ក្នុង​នាម​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ខ្ញុំ​សូម​ធ្វើការ​បំភ្លឺ​ដល់​បងប្អូន​សាធារណជន​ និង​ក្រុម​គ្រួសារ​របស់​ប្អូន​ជន​រង​គ្រោះ​មេត្តា​ជ្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​០០​នាទី​ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​រថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​៣​ (​កំពត​-​វាល​រេញ​)​ ស្រប​ទិស​គ្នា​ នៅ​ក្នុងភូមិ​ព្រែក​អំពិល​ ឃុំ​កោះ​តូច​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ វាស់វែង​ និង​សាកសួរ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ ព្រមទាំង​យក​វត្ថុ​តាង​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​តូច​។​

​ក្រោយ​ពី​បាន​ពិនិត្យ​វាស់វែង​ និង​ប្រមូល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ សមត្ថកិច្ច​សន្និដ្ឋាន​បាន​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បណ្តាល​មក​ពី​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​បាន​បត់​ចូល​ទៅ​ផ្លូវ​រមណីយដ្ឋាន​ណា​តា​យ៉ា​ទាំង​កម្រោល​ នៅ​ជាយ​ផ្លូវ​ផ្ទុយ​ទិស​គ្នា​ ប៉ះ​ត្រង់​ទ្វារ​មុខ​ប៉ែក​ខាងឆ្វេង​រថយន្ត​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​។​

​ផ្អែក​តាម​កំណត់ហេតុ​វាស់វែង​ ករណី​នេះ​គឺ​បង្ក​ឡើង​ដោយ​អ្នក​បើក​ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រយ័ត្ន​ក្នុង​ល្បឿន​លឿន​។​ ដោយឡែក​ករណី​ដែល​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ភាគី​រថយន្ត​ត្រឡប់​ទៅ​វិញ​ គឺ​ដោយសារ​ រថយន្ត​មិន​មាន​កំហុស​ក្នុង​ការ​បើកបរ​ និង​មាន​អ្នក​ធានា​ក្នុង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ហើយ​ក្នុង​ករណី​នេះ​ដែរ​ គឺ​មិន​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​អ្នក​បើក​ម៉ូតូ​នោះ​ផង​ដែរ​ ហេតុ​ដូច្នេះ​ សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យ​ភាគី​ខាង​រថយន្ត​ យក​រថយន្ត​ទៅ​ជួសជុល​ប្រើប្រាស់​បណ្តោះអាសន្ន​សិន​ ទម្រាំ​ហៅ​ចូល​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕


ចំនួនអ្នកទស្សនា

    20590837

  • ថ្ងៃនេះ3401
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33231
  • ខែនេះ148381
  • ឆ្នាំនេះ148381
  • សរុប20590837