ភ្នំពេញ៖ តារាសម្ដែងមួយរូប ត្រូវបានចោរប្លន់ម៉ូតូមិនបានសម្រេច នៅចំណុចផ្លូវងងឹតមួយនៅម្ដុំស្ទឹងមានជ័យ តែយកបានកាបូប និងឯកសាររបស់លោកបានសម្រេច ដែលធ្វើអោយលោកបារម្ភពីរឿងចោរធ្វើស៊ី។
ក្នុងហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង០៨នឹង១០នាទីយប់ ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវបេតុងជាប់វត្តស្ទឹងមានជ័យ បត់ចុះពីផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តារាសម្ដែងលោក ធី ចិត្រា ស្នាក់នៅបន្ទប់ផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា ក្រោយពេលលោកបំបែកជួរពីកម្មវិធីហូបចុកតិចតួចជាមួយមិត្តភ័ក្ត្រ ហើយជិះត្រលប់ទៅផ្ទះនៅម្ដុំស្ទឹងមានជ័យ លោកក៏ច្រលំជិះកាត់ច្រកផ្លូវបេតុងមួយ ជាប់វត្តស្ទឹងមានជ័យ ហើយជិះទៅមុខមិនរួច ព្រោះតែគេធ្វើលូ។
ក្នុងវេលាម៉ោងកើតហេតុខាងលើលោកថាមិនស្ងាត់ណាស់ណានោះទេ ក៏ឈប់ម៉ូតូឈរបត់ជើងតូច ប៉ុន្តែមិនបានប៉ុន្មានវិនាទីផង ស្រាប់តែក្រុមចោរ៣នាក់ចូលមកក្បែរលោក ហើយម្នាក់សួរថា អូនឯងយករបស់(ថ្នាំញៀន) មកមែន?
តារាសម្តែងរងគ្រោះបន្តថា លុះពេលឆ្លើយថា មិនមែនទេ ស្រាប់តែក្រុមជនសង្ស័យទាំង៣នាក់នោះ នាំគ្នាធ្វើសកម្មភាពប្រតាយប្រតប់ជាមួយលោកតែម្ដង ហើយជនសង្ស័យម្នាក់បានកញ្ឆក់យកកាបូបលុយរបស់លោក ហើយបានរើសដុំថ្មមកវាយលោក ចំដៃបណ្ដាលឲ្យលោកហើមដៃ និងរបួសដោយអន្លើរ។ ហើយលោកស្រែកឲ្យគេជួយ និងស្រែកឆោឡោឡើង ទើបក្រុមចោរក៏ស្ទុះរត់គេច ទុកម៉ូតូរបស់លោកវិញ រួចយកតែកាបូបលុយរបស់លោក ហើយនាំគ្នារត់គេចបាត់ស្រមោលអស់។
ក្រោយមកលោកក៏បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ភ្លាមៗ ស្របពេលដែលនៅប៉ុស្តិ៍កំពុងរៀបចំកម្មវិធីអបអរសាទរលោក ប៉ុន្តែប៉ូលិសសូម្បីតែលោកសុំថតឯកសារបណ្ដឹង និងសុំថតសំលេងក្នុងពេលដាក់បណ្ដឹង ដើម្បីបញ្ជាក់ថា លោកពិតជាបានជូនដំណឹងដល់មន្ត្រីមានសមត្ថកិច្ច ក្រោយកើតហេតុផង តែបែរជាមិនត្រូវបានអនុញ្ញាត។
លោកថា ខ្លួនមិនស្ដាយលុយក្នុងកាបូបប្រមាណ១៧០ដុល្លារនោះទេ ប៉ុន្តែលោកស្ដាយឯកសារមួយចំនួន ក្នុងកាបូប ពិសេសគឺកាតគ្រីម៉ូតូដែលលោកប្រាប់ថា ក្រុមចោរនឹងអាចធ្វើស៊ី ប្រសិនបើពួកចោរសម្អាងថាខ្លួន មានកាតគ្រីដើម ហើយបែរជាមកចោទថា ម៉ូតូ Nex ពណ៌ស ២០១៨ ដែលលោកជិះប្រចាំថ្ងៃជាម៉ូតូទិញតពីចោរទៅវិញ។
ប៉ូលីសបានទាំងទាញទូរស័ព្ទរបស់លោកទៅត្រួតពិនិត្យក្រែងមានថតដោយឯកសារ ដោយរូបប៉ូលិស ឬដោយសំលេងពេលសន្ទនាគ្នានោះផង។ លោកថា មិនមានជំនឿចិត្ត ក្រោយពេលប្ដឹងនោះ ខណៈដែលលោកកាន់តែមានអារម្មណ៍ភ័យឡើងខ្លាចក្រុមចោរធ្វើស៊ីទៅវិញថា លោកប្រើប្រាស់ម៉ូតូគ្មានឯកសារស្របច្បាប់ ឬម៉ូតូចោរ ហើយចោរដែលមានឯកសារក្នុងដៃក្លាយជាម្ចាស់ទៅវិញ។
ករណីទី២ ក្រុមចោរ២នាក់ ជិះម៉ូតូ ICON មួយគ្រឿង ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ Suzuki Let's ពីនារីរូបស្រស់ម្នាក់ ខណៈពេលកំពុងជិះម៉ូតូចេញពីធ្វើការ ហើយឌុបមិត្តភ័ក្ត្រទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែជួបក្រុមចោរជិះមកបុកឲ្យដួល ហើយវាយមួយដៃ រួចលើកម៉ូតូជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ ចេញអន្តរាគមន៍ឡើយ។
ហេតតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣នឹង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូបេតុង ទល់មុខក្លោងទ្វារវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីនារីរងគ្រោះ ឈ្មោះ ពន្ធ ដា អាយុ២៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងនិងមិត្តភ័ក្ត្រ បាននាំគ្នាទៅរាំលេងកម្សាន្តនៅក្លឹបស៊ីធី លុះពេលចេញមកវិញ រូបនាងបានជិះម៉ូតូឌុបមិត្តភ័ក្ត្របស់នាង ត្រលប់ទៅផ្ទះវិញ តាមផ្លូវបេតុងជិតប៉ុស្តិ៍ទូរទស្សន៍បាយ័ន លុះមកដល់ផ្លូវកែងមុខក្លោងទ្វារចូលវត្តសាមគ្គីរង្សី ជិតដល់ផ្ទះហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ICON មួយគ្រឿង (មិនចាំស្លាកលេខ) មិនដឹងជិះតាមមកពីណាទេ ដោយបិទភ្លើងម៉ូតូ រួចមកបុកម៉ូតូរបស់នាង បណ្ដាលឲ្យដួល ហើយជនសង្ស័យម្នាក់ ក៏លោតចុះមកធ្វើសកម្មភាពវាយរូបនាងមួយដៃ ហើយបានលើកម៉ូតូរបស់នាងជិះចេញទៅបាត់តែម្តង។
ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ ម៉ាក Suzuki Let's ស៊េរីឆ្នាំ២០១៥ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំក្បាល ដឹងតែលេខកន្ទុយ (0481) ។
ក្រោយពេលក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូហើយបានគេចខ្លួនបាត់ស្រមោលអស់ទៅ នារីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ ហើយក៏ត្រលប់មកបន្ទប់ជួលវិញ ៕