សៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនបានពីបទប្រព្រឹត្តករណីអំពើលួច(ម៉ូតូ) កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិរលួសខាងលិច ឃុំរលួសស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានជនរងគ្រោះឈ្មោះ ជាក់ ចិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប បានជិះម៉ូតូម៉ាកស៊ូមម័រ ស៊េរីឆ្នាំ២០០៦ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1Y-3981 មកហូបការនៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ម៉ោងប្រហែល៤ជាង នាថ្ងៃដដែលទើបជិះម៉ូតូត្រឡប់ទៅសៀមរាបវិញម្នាក់ ឯងតាមផ្លូវជាតិលេខ៦ ដល់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយជនរងគ្រោះស្រវឹង ទៅមុខពុំរួចក៏ឈប់ម៉ូតូដេក និងចំរះផ្លូវតែម្តង។
លោកបានបន្តទៀតថាលុះម៉ោង១៩និង៣០នាទីស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពយកម៉ូតូជិះមកទិសខាងលិច ពេលនោះម្ចាស់ម៉ូតូ និងប្រជាពលបានឃើញបានរាយការណ៍អោយសមត្ថកិច្ចយើងភ្លាមៗ នោះ បានជិះម៉ូតូដេញជនសង្ស័យជិះគេចមកទិសខាងលិចបានប្រហែល៤០០ម៉ែត្រក៏ក្រឡាច់ដួលខ្លួនឯងបណ្តាលអោយរងរបួសហើយកម្លាំងនគរបាលបានបញ្ជូនទៅមន្ទីរពេទ្យមេគង្គក្នុងក្រុសៀមរាប។
បច្ចុប្បន្នជនសង្ស័យយើងពុំទាន់បានសួរនាំទេពេទ្យកំពុងព្យាបាលមិនទាន់ដឹងខ្លួន ហើយសមត្ថកិច្ចយើងបានដាក់កម្លាំងយាមជនសង្ស័យនៅទីនោះ។ កម្លាំងនគរបាលយើងដកហូតបានវត្ថុតាងម៉ូតូម៉ាកស៊ូមម័រ ១គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញ។ ករណីនេះសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត ៕