កម្ពុជា​ -​ថៃ​ បើក​សិក្ខាសាលា​ទ្វេភាគី​ស្តី​ពី​ការ​ព្យាបាល​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​

12-February-2019 | ដោយ ពលមនសិការ

​ប្រទេស​ថៃ​៖​ ចាប់ពី​ថ្ងៃ​ទី​១១-១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ក្រោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មន្ត្រី​ទទួល​ការងារ​ព្យាបាល​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​២០​រូប​បាន​ទៅ​ចូលរួម​សិក្ខាសាលា​ទ្វេភាគី​កម្ពុជា​-​ថៃ​ ស្តី​ពី​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​។​

​លោក​វេជ្ជបណ្ឌិត​ សា​រ៉ា​យុទ្ធ​ ប៊ុ​ន​ចៃ​ផា​និ​ច​វ​ឌ្ឍា​នា​ SarayuthBoonchaipanichwattana​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​របស់​ម្ចាស់​ស្ត្រី​ថៃ​ (PMNDAT)​បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សិក្ខាកាម​មក​ពី​កម្ពុជា​ទាំងអស់​ និង​បាន​លើក​ស​សើរ​ដល់​កិច្ច​ខិតខំ​របស់​ភាគី​កម្ពុជា​លើ​ការងារ​ព្យាបាល​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ក៏​ដូច​ជា​ការ​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ថែរក្សា​បាន​នូវ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ជាតិ​យើង​ទាំង​ពីរ​កម្ពុជា​-​ថៃ​។​

​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ឧត្ដមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ប្រធាន​ដឹកនាំ​សិក្ខាកាម​បាន​ថ្លែង​ថា​ រហូត​មក​ទល់​ពេល​នេះ​ កម្ពុជា​-​ថៃ​ នៅ​តែ​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ដែល​មាន​ប្រភព​ផ្សេងៗ​ ទាំង​មក​ពី​ក្នុង​និង​ក្រៅ​តំបន់​ ហើយ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​នេះ​ បាន​និង​កំពុង​បន្ត​បង្ក​នូវ​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​សុខភាព​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការ​អភិ​វ​ឌ្ឈ​សង្គម​ ។​ ដោយឡែក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ​ រក​ឃើញ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ប្រមាណ​ជាង​២​ម៉ឺន​នាក់​ ដែល​ចំនួន​នេះ​គឺ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ដោយហេតុ​ថា​កម្ពុជា​បាន​រក​ឃើញ​អ្នក​ញៀន​គ្រឿងញៀន​ដែល​លាក់ខ្លួន​ពី​សមត្ថកិច្ច​ ហើយ​ស្ម័គ្រចិត្ត​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​បណ្តោះអាសន្ន​ និង​មូលដ្ឋាន​សុខាភិបាល​ក្នុង​សហគមន៍​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ​ដែរ​ លោក​ជំទាវ​ ឧត្ដមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បាន​ថ្លែង​បន្ត​ដោយ​ពាំនាំ​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ ចំពោះ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​ (ONCB)​ ក្រសួង​សុខភាព​សាធារណ​ថៃ​ ដែល​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​គាំទ្រ​ជា​បន្តបន្ទាប់​ទាំង​លើ​ផ្នែក​ពង្រឹងសមត្ថភាព​ សម្ភារៈ​ បច្ចេកទេស​ ក៏​ដូច​ជា​ថវិកា​ ដែល​ធ្វើ​ឱ្យ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ៕


ចំនួនអ្នកទស្សនា

    20591347

  • ថ្ងៃនេះ3911
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33741
  • ខែនេះ148891
  • ឆ្នាំនេះ148891
  • សរុប20591347