ក្រចេះ៖ ក្បួនដឹកឈើប្រណិតចំនួន៥គ្រឿងរបស់លោក ឆយ បានធ្វើដំណើរការយ៉ាងរលូនដោយមិនបានរំខានសមត្ថកិច្ចខេត្តក្រចេះឡើយ កាលយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៧៣ ចេញពីព្រំប្រទល់នៃខេត្តស្ទឹងត្រែង ឆ្លងកាត់តាមខេត្តក្រចេះ និងក្រុងក្រចេះ ឆ្ពោះទៅកាត់តាមស្រុកឆ្លូង នឹងចេញយកទៅលក់នៅបណ្តាខេត្តផ្សេងៗ។
លោក ឆយ មេឈ្មួញដ៏ល្បីឈ្មោះ ដឹកជញ្ជូនឈើប្រណិតតាមឡានសាំយ៉ុង រៀងរាល់យប់តែម្ដង បានបោះពាក្យ បោះសម្ដី ទៅលើអ្នកសារព័ត៌មានថាមិនខ្លាចទេ ព្រោះអីគេបានបង់លុយ ទៅឱ្យថ្នាក់ដឹកនាំនៅក្នុងខេត្តក្រចេះ និងមេប៉េអឹម លោកស្នងការអភិបាលខេត្ត ព្រះរាជអាជ្ញានិងមន្ត្រីយោធា នៅតាមដងផ្លូវ និងមន្ត្រីកំពូលកំពូលនៅក្នុងខេត្តតែទាំងអស់ទៅហើយ រឿងនាក់កាសែត ឲ្យនាំគ្នាថត ស្ទើរតែបែកទូរស័ព្ទ ពួកគេមិនខ្លាចផង ព្រោះអីគេបានឲ្យលុយទៅមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ គ្រប់ស្ថាប័ន អស់ទៅហើយ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់ស្ថាបនពាក់ព័ន្ធ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យបង្ក្រាបរាល់បទល្មើសព្រៃឈើ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នក្រុមឈ្មួញនៅតែមានឱកាសដឹកជញ្ជូនអនុផលព្រៃឈើ ទៅលក់នៅប្រទេសជិតខាងបានដដែល៕