កំពង់ធំ៖ កាលពីព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបង្ហាញមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន១១នាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ក្នុងកិច្ចប្រតិបត្តិការមានលក្ខណៈទ្រង់ទ្រាយធំនេះដែរលោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យជំនាញបានប្រើប្រាស់វិធានជំនាញរបស់ខ្លួន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ ដោយ ខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យបាន០៥នាក់៖១.ឈ្មោះ វ៉ាន់ ចាន់នី ភេទប្រុស អាយុ ១៨ឆ្នាំ។២.ឈ្មោះ ម៉ៅ ម៉ានី ភេទប្រុស អាយុ១៩ឆ្នាំ។៣.ឈ្មោះ ចាន់ សុប៉ោ ភេទប្រុស អាយុ ១៩ឆ្នាំ។៤.ឈ្មោះ ហួន សុផៃ ភេទប្រុស អាយុ១៧ឆ្នាំ។៥.ឈ្មោះ គឿន សុវឌ្ឍនា ភេទប្រុស អាយុ ១៥ឆ្នាំ។ជនសង្ស័យទាំង០៥នាក់ ខាងលើ រស់នៅភូមិពោធិ៍អ៊ុន សង្កាត់ ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដកហូតថ្នាំញៀនបាន ១៤កញ្ចប់។
បន្ទាប់ពីមានសមត្ថកិច្ចយើងបានប្រើប្រាស់វិធានជំនាញស្រាវជ្រាវ និងស៊ើបអង្កេតបន្តទើបចុះប្រតិបត្តិការបង្ក្រាបនៅថ្ងៃខែឆ្នាំដដែល និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ទៀត៖១.ឈ្មោះ អ៊ុន សុខរស់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅខេត្តកំពង់ចាម។ ២.ឈ្មោះ ពន ជ្រឹម ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន។ ៣.ឈ្មោះ កែល ចិន ភេទប្រុស អាយុ១៩ឆ្នាំ នៅខេត្រព្រះវិហារ។ ៤.ឈ្មោះ ជន រ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិនៅភូមិពុកយុគ សង្កាត់ស្រយូវ។ ៥.ឈ្មោះ ណយ សុធារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។ ៦.ឈ្មោះ ឆាត សុធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។ ដកហូតបានថ្នាំងញៀនបាន ០៤កញ្ចប់ ទូរស័ព្ទ ០២គ្រឿង ។
ឆ្លៀតក្នុងឱកាសនេះដែរលោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិល័យប្រឆាំងគ្រឿងញៀន បាននាំយកប្រសាសន៍ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមអនុវត្ត តាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពបានព្រមៗគ្នាព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ចបង្ហាញនៅមុខសញ្ញាប្រើប្រាស់ ជួញដូរគ្រឿងញៀន ដើម្បីកងកម្លាំងសមត្ថកិច្ច មានមូលដ្ឋានស្រាវជ្រាវបង្ក្រាបមានប្រសិទ្ធភាព សូមស្នើដល់ស្រទាប់យុវជន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះបើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ជាដើម ។
បច្ចប្បន្នកម្លាំងជំនាញយើងកំពុងកសាងនិតិវិធីវត្ថុតាង និងជនសង្ស័យខាងលើ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕