ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចលើភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ឆ្លងតាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យនគរបាលបច្ចេកទេស និងលោកវេជ្ជបណ្ឌិត សាកសពនេះត្រូវជនសង្ស័យយកវត្ថុរឹងមានចុងស្រួចចាក់ចំកញ្ចឹងកពីខាងក្រោយបណ្តាលអោយស្លាប់នៅកន្លែង។
លោកស្នងការរងបន្តថា បន្ទាប់ពីប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី។
ជនសង្ស័យឈ្មោះសុខ ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ដែកឆាប ០១ដើម ( ឧបករណ៍ប្រព្រឹត្តិបទល្មើស), កាំភ្លើងជ័រខ្លី ០១ដើម ពណ៌ខ្មៅ។
បន្ទាប់ពីសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។ ករណីនេះកើតឡើងដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះជនសង្ស័យបានយកសាច់ជូ បន្លំធ្វើជាគ្រឿងញៀន ( ម៉ាទឹកកក ) ដើម្បីលក់ទៅឲ្យជនរងគ្រោះក្នុងតំលៃ ៣៥,០០០រៀល នៅពេលដែលជនរងគ្រោះយកទៅប្រើប្រាស់ទើបដឹងថា ជាសាច់ជូរ ក៏បានទៅរករឿងជនសង្ស័យ និងបានយកដាវដេញកាប់ជនសង្ស័យ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏ទាញដែកចាបដែលទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសរហូតដល់បាត់បង់ជីវិត។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕