ព្រះមហាក្សត្រ​ស្ដេច​យាង​សួរសុខទុក្ខ​ និង​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ប្រជា​កសិករ​ នៅ​ស្រុក​គិរី​វង្ស​

15-February-2019 | ដោយ ពលមនសិការ

តាកែវ​៖​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ២​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ព្រះករុណា​ ព្រះបាទ​ស​មេ្ត​ច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​សួរសុខទុក្ខ​ និង​ប្រោស​ព្រះ​រាជទាន​នូវ​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​ជា​កសិករ​ ប្រមាណ​ ៥៣៩​គ្រួសារ​ លោកគ្រូ​ អ្នកគ្រូ​ ចំនួន​ ២៤​នាក់​ និង​កុមារ​ ចំនួន​ ៤៧៣​នាក់​ ស្ថិត​នៅ​ភូមិ​អាង​ខ្ចៅ​ ភូមិ​វត្ត​ភ្នំ​ ភូមិធំ​ និង​ភូមិ​ជី​ម្រាក់​ ឃុំ​កំពែង​ ស្រុក​គិរី​វង្ស​ ខេត្តតាកែវ​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ១១​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ព្រះរាជ​ដំណើរ​តាម​ព្រះ​ទីនាំង​រថយន្ត​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​ ១០០​គីឡូម៉ែត្រ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ផង​នោះ​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ត្រូវ​បាន​ដង្ហែ​ព្រះរាជ​ដំណើរ​ដោយ​សម្តេចចៅហ្វា​វាំង​ វរវៀងជ័យ​ អធិបតី​ ស្រឹង្គា​រ៍​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ឯកឧត្តម​ គុយ​ សុផល​ ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង​ ឯកឧត្តម​ ឈា​ ហន​ រដ្ឋមន្ត្រី​អម​ក្រសួងព្រះបរមរាជវាំង​ ព្រមទាំង​នាម៉ឺន​សព្វ​មុខមន្ត្រី​ នៃ​ក្រសួងព្រះបរមរាជវាំង​ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ជា​ច្រើន​រូប​។​

​ក្នុង​ឱកាស​ស្តេច​យាង​ដល់​ឃុំ​កំពែង​ ស្រុក​គិរី​វង្ស​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ ស្តេច​យាងចុះ​ជួប​សំណេះសំណាល​ និង​ទត​ដោយ​ផ្ទាល់​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​ ចំពោះ​គ្រួសារ​ប្រជា​កសិករ​ចំនួន​៥​គ្រួសារ​ ដល់​ក្នុង​លំនៅ​ឋាន​។​ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះ​រាជទាន​ព្រះរាជ​អំណោយ​ដល់​គ្រួសារ​ទាំង​៥​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ ទទួល​បាន​អង្ករ​ ៥០​គីឡូក្រាម​ ឃី​ត​ ១​កញ្ចប់​ (​មាន​មុង​១​ ភួយ​១​ សារុង​១​ និង​ក្រមា​១)​ តង់​កៅស៊ូ​១​ផ្ទាំង​ មី​ ១​កេស​ ត្រីខ​ ១០​កំប៉ុង​ ស្បែកជើងផ្ទាត់​១​គូរ​ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​ ១​ និង​ ថវិកា​ ១០​ម៉ឺន​រៀល​។​ ដោយឡែក​លោកគ្រូ​ អ្នកគ្រូ​ ចំនួន​ ២៤​នាក់​ ក៏​ទទួល​បាន​ព្រះរាជ​អំណោយ​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ឃី​ត​ ១​កញ្ចប់​ (​មាន​មុង​១​ ភួយ​១​ សារុង​១​ និង​ក្រមា​១)​ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​ ១​ និង​ ថវិកា​ មួយ​ចំនួន​។​ ចំណែក​កុមារ​ចំនួន​ ៤៧៣​នាក់​ ទទួល​បាន​អាហារ​សម្រន់​មួយ​ពេល​ និង​សម្ភារ​សិក្សា​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ​ ព្រះ​អង្គ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ ពី​សំណាក់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ លោកយាយ​ លោកតា​ បងប្អូន​ប្រជារាស្ត្រ​ជា​កូន​ ជា​ចៅ​របស់​ព្រះ​អង្គ​ ប្រកបដោយ​ក្តី​នឹករឭក​ និង​គោរព​ស្រឡាញ់​ជាទី​បំផុត​។​

​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​លោកយាយ​ លោកតា​ និង​ប្រជារាស្ត្រ​ជា​កូន​ ជា​ចៅ​ របស់​ព្រះ​អង្គនា​ឱកាស​នោះ​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​បាន​សម្ដែង​នូវ​ព្រះរាជ​ហឫទ័យ​សប្បាយ​រីករាយ​ ដោយ​បាន​ជួប​លោកតា​ លោកយាយ​ និង​ប្រជារាស្ត្រ​ជា​កូន​ ជា​ចៅ​របស់​ព្រះ​អង្គ​ ជា​ពិសេស​ព្រះ​អង្គ​បាន​ទត​និង​ជួប​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​ជា​កសិករ​ ព្រមទាំង​មាន​ព្រះរាជ​បន្ទូល​ពី​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ សម្តេចម៉ែ​ សម្តេច​យាយ​ ស​មេ្ត​ច​យាយទួត​ ជូន​ប្រជារាស្ត្រ​ជា​កូន​ ជា​ចៅ​ ចៅ​ទូត​ ចៅ​លូត​របស់​ព្រះ​អង្គ​ ដែល​ព្រះ​អង្គ​តែងតែ​យក​ព្រះរាជ​ហឫទ័យ​ទុកដាក់​ពី​សុខទុក្ខ​ និង​ការ​លំបាក​ ក៏​ដូច​ជា​ការ​រស់នៅ​របស់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​គ្រប់ពេលវេលា​។​

​ទន្ទឹម​នឹង​នេះ​ ព្រះករុណា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ បាន​មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​ រដ្ឋសភា​ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។​

​ជាមួយ​គ្នា​នេះ​ កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​ តែងតែមាន​វិធានការ​បាន​ទាន់​ពេលវេលា​ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ដែល​បាន​ធ្វើ​ឱ្យ​ព្រះរាជ​ហឫទ័យ​របស់​ព្រះ​អង្គ​ផ្ទាល់​ និង​ព្រះរាជ​ហឫទ័យ​របស់​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ សម្តេចម៉ែ​ មាន​ភាព​កក់ក្តៅ​។​

​បន្ទាប់​ពី​ព្រះរាជ​បន្ទូល​សំណេះសំណាល​រួច​មក​ ព្រះករុណា​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ ស្តេច​យាង​ប្រោស​ព្រះ​រាជទាន​នូវ​ព្រះរាជ​អំណោយ​ដោយ​ផ្ទាល់​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ ដល់​ប្រជារាស្ត្រ​ជា​កសិករ​ទាំង​ ៥៣៩​គ្រួសារ​ ប្រកបដោយ​ទឹក​ព្រះ​ទ័យ​សប្បាយ​រីករាយ​ និង​​អាណិត​ស្រឡាញ់​ជាទី​បំផុត​។​

​ព្រះរាជ​អំណោយ​ដែល​ព្រះ​អង្គ​ប្រទាន​ដល់​ប្រជារាស្ត្រ​ជា​កសិករ​ទាំង​ ៥៣៩​គ្រួសារ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ​ ៥០​គីឡូក្រាម​ ឃី​ត​ ១​កញ្ចប់​ (​មាន​មុង​១​ ភួយ​១​ សារុង​១​ និង​ក្រមា​១)​ តង់​កៅស៊ូ​១​ផ្ទាំង​ មី​ ១​កេស​ ត្រីខ​ ១០​កំប៉ុង​ ស្បែកជើងផ្ទាត់​១​គូរ​ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​ ១​ និង​ថវិកា​ ១០​ម៉ឺន​រៀល​ ៕

 

ចំនួនអ្នកទស្សនា

    19473807

  • ថ្ងៃនេះ2341
  • ម្សិលមិញ2601
  • សប្តាហ៍នេះ10511
  • ខែនេះ68951
  • ឆ្នាំនេះ246361
  • សរុប19473807