ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី នៅចំណុចផ្ទះលេខ១៨៧ ផ្លូវបេតុង ភូមិភ្លូរផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីមនុស្សដេកស្លាប់ មួយបានកើតឡើង។
លោកអធិការបន្តថាជនរងគ្រោះ(សព)ឈ្មោះ រស់ សិលា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១៨៧ ផ្លូវបេតុង ភូមិភ្លូរផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ។
តាមការពិនិត្យសាកសពបានសង្កេតឃើញថាសពមានស្លាក់ស្នាមបន្សល់ទុកៈស្នាមរយះគល់ចិញ្ជើមខាងស្ដាំចំនួន០១កន្លែង។
លោកអធិការបន្ថែមថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីព្រឹក មុនពេលកើតហេតុ ឈ្មោះ ខាត់ សុខេត ភេទប្រុស (ត្រូវជាឪពុកមា)បានទូរស័ព្ទ ទៅឈ្មោះរស់ ចរិយា (ត្រូវជាបងស្រីបង្កើតរបស់សពជនរងគ្រោះ )ថាអោយទៅមើលឈ្មោះ រស់ សិលាផងព្រោះខលទៅមិនលើកទូរស័ព្ទទេ ភ្លាមនោះឈ្មោះ ខាត់ សុខេត បានចេញដំណើរពីកន្លែងធ្វើការរបស់ខ្លួនក្នុងខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅផ្ទះសពជនរងគ្រោះ ពេលទៅដល់ក៏បានអើតមើលតាមទ្វាកញ្ចក់ ក៏ប្រទះឃើញ ឈ្មោះ រស់ សិលា បានដេកផ្កាប់មុខ និងមានឈាមប្រឡាក់លើឥដ្ឋការ៉ូ ឃើញដូចនោះឈ្មោះខាត់ សុខេត ក៏បានរាយការណ៍ជូនសម្ថកិច្ចតែម្ដង។ ដោយមានការឯកភាពពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានអោយសមត្ថកិច្ចប្រគល់សពជនរងគ្រោះទៅក្រុមគ្រសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
សមត្ថកិច្ចជំនាញបានឲ្យដឹងថាឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យ របស់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមការពិនិត្យរបស់ឧញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្រ និង កោសល្យវិច្ច័យ បានឲ្យដឹងថាសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ៕