បន្ទាយមានជ័យ៖ ក្មេងស្រី២នាក់បានស្លាប់ ខណៈដែលពួកគេនាំគ្នាទៅហែលទឹកនៅអាងពង្រ ស្ថិតនៅក្នុងភូមិភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានប្រាប់ថា ក្មេងស្រីរងគ្រោះបាត់បង់ជីវិតមានទី១-ឈ្មោះ បឿន ស្រីណូ ភេទស្រី អាយុ៩ឆ្នាំ ទីលំនៅភូមិពង្រ ឪពុកឈ្មោះ ប៊ិត ប៊ុននី អាយុ៣២ឆ្នាំ ម្តាយឈ្មោះតែម ស៊ីម អាយុ២៨ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ បច្ចុប្បន្នធ្វើការងារនៅប្រទេសថៃ រស់នៅជាមួយជីដូន, ទី២-ឈ្មោះ ប៉ុច សុឃីម ភេទស្រី អាយុ១១ឆ្នាំ ឪពុកឈ្មោះ កែវ ម៉ៅ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សេក សោម អាយុ៤៣ឆ្នាំ ទីលំនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅផ្ទះ។
លោកអធិការនគរបាល ក្រុងសិរីសោភ័ណបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ថ្ងៃនៅអាងទឹកពង្រមានក្មេងៗជាច្រើននាក់នាំគ្នាមកលេងរណ្តៅទឹកអាង ដែលមានជម្រៅ៣ទៅ៤ម៉ែត្រតែថ្ងៃនេះមិនដឹងជា ចៃដន្យអ្វីក៏ស្រាប់តែមានក្មេងប្រុសស្រី៦នាក់ បានលង់ទឹកតែម្តង។ អ្នកបង់ត្រីនៅក្បែរនោះលឺសំលេងស្រែកថាក្មេងលង់ទឹកក៏នាំគ្នាទៅជួយ សង្គ្រោះបានតែ៤នាក់ ស្រី២នាក់ ចំណែកក្មេងស្រី២នាក់ទៀតបានលិចទៅក្នុងទឹក ក្រោយរាវរកឃើញក៏បាត់បង់ជីវិតបាត់ទៅហើយ។
បញ្ហានេះដែរ លោកអធិការក្រុងសិរីសោភ័ណ អំពាវនាវដល់អាណាព្យាបាល ឪពុកម្តាយកុំបណ្តោយក្មេងមកលេងរណ្តៅទឹកអាងនេះ តទៅទៀត ដែលនាំឲ្យមានបញ្ហាគ្រោះថ្នាក់ ព្រោះជម្រៅរណ្តៅនេះ គឺជ្រៅ ដូច្នេះសូមហាមកូនចៅ កុំមកលេង។
សួមបញ្ជាក់ថាមានករណីក្មេងលង់ទឹកមានចំនួន០៦នាក់ ក្នុងនោះសង្គ្រោះជីវិតបាន០៤នាក់ស្លាប់០២នាក់ដោយមូលហេតុ ក្រុមក្មេងៗចុះមុជទឹកលែងមានគ្នាជាច្រើនអ្នក នៅចំណុច អាងពង្រ ភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្តាលអោយលង់ទឹកចំនួន០៦នាក់ ហើយសង្គ្រោះបាន៤នាក់និងលង់ទឹកស្លាប់ចំនួន០២នាក់៕