ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំអង្គសិក្ខាសាលាស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានសមាសភាពចូលរួម មកពីគណៈកម្មាធិការ លេខាធិការដ្ឋាន នៃទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រុមការងារដឹកនាំត្រួតពិនិត្យ ដើម្បីពង្រឹងការងារពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំង២៥ UNAIDS, WHO, UNODC អង្គការដៃគូ តំណាងភាគីថៃ វៀតណាម និងអង្គភាពជំនាញពាក់ព័ន្ធចំនួនសរុប ២៤០នាក់ នៅទីស្តីការក្រសួងសុខាភិបាល ជាន់ទី៦។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជារៀងរាល់ឆ្នាំចំនួនអ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាលមានចំនួនកើនឡើងជានិច្ច។ ជាពិសេសក្នុងឆ្នាំ២០១៨ មានការកើនឡើងនៃអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលសាធារណៈ មានការកើនឡើងប្រមាណ ៧០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ រីឯចំនួនអ្នកញៀនគ្រឿងញៀនដែលបានទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមណ្ឌលបណ្តោះអាសន្ន ក៏មានការកើនឡើងផងដែរ។ សមិទ្ធផលនៃការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលនឹងត្រូវបានបង្ហាញនាពេលបន្តិចទៀតនេះ មិនមែនទទួលបានដោយចៃដន្យទេ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមានការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូ និងប្រទេសជាមិត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរ តែងតែបានដឹកនាំចង្អុលបង្ហាញគាំទ្រ និងធ្វើសកម្មភាពដោយផ្ទាល់ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនជួយកាត់ បន្ថយការលំបាករបស់ជនរងគ្រោះដោយសារគ្រឿងញៀន ទាំងនៅតាម មណ្ឌលបណ្ដោះអាសន្ន និងសហគមន៍មូលដ្ឋាន និងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គតាមឋានានុក្រម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត សិល្បៈករ កីឡាករ សប្បុរសជន ប្រជាពលរដ្ឋ និងអង្គការដែលជាដៃគូជាតិ និងអន្តរជាតិ ដែលបានធ្វើសកម្មភាពគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារទប់ស្កាត់ បង្ក្រាប អប់រំ ព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការខិតខំប្រឹងប្រែងដឹកនាំរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទា ដែលមានឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាប្រធាន និងឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរាជធានី-ខេត្តទាំង២៥ ជាសមាជិក សមាជិកា ធ្វើឱ្យការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរយៈជាង១ឆ្នាំ ចុងក្រោយនេះ ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឲ្យអង្គសិក្ខាសាលាទាំងមូលទាញការចាប់អារម្មណ៍និងពិភាក្សាទៅលើចំនុចសំខាន់ៗមួយចំនួន៖
១-ត្រូវធ្វើបច្ចុប្បន្នភាពចំពោះផលប៉ះពាល់គ្រឿងញៀនឲ្យបានច្បាស់លាស់ដើម្បីឲ្យមានទិន្នន័យមួយអាចទទួលស្គាល់បាន
២-ពង្រឹងគុណភាពប្រសិទ្ធភាពនៃសេវាព្យាបាលទាំងមណ្ឌលបណ្តោះអាសន្នរដ្ឋ -ឯកជន និងផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តតាមមូលដ្ឋានសុខាភិបាលតាមមន្ទីរជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព
៣-រៀបចំយន្តការច្បាស់លាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំណិនជីវិតដើម្បីឲ្យអ្នកព្យាបាលរួចមានលទ្ធភាពដើម្បីប្រកបរបរចិញ្ចឹមជីវិត និងចាកផុតពីបញ្ហាគ្រឿងញៀន
៤-កសាងបានយន្តកានិងបែបបទទាំងឡាយក្នុងការធ្វើសមាហរណកម្មអ្នកបានព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្នរួចហើយចូលទៅរស់នៅក្នុងគ្រួសារនិងសហគមន៍វិញ និងបែបបទទាំងឡាយចំពោះអ្នកព្យាបាលនៅតាមមណ្ឌលសង្ខេបនៃឃុំ សង្កាត់និងមន្ទីរពេទ្យពេទ្យបង្អែកនានា ដោយធានាថាអ្នកប៉ះពាល់គ្រឿងញៀនបានជាសះស្បើយ។
៥.ពង្រឹងយន្តការ ដើម្បីនាំអ្នកញៀនទៅព្យាបាលទាំងក្នុងមណ្ឌល និងសហគមន៍ ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីធានាថាគ្មានអ្នកញៀនណាមួយ មិនបានទៅព្យាបាលនៅតាមមណ្ឌលសុខភាពឡើយ។
៦.ពង្រឹងយន្តការពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី ដំណើរការឱ្យមានប្រសិទ្ធភាព។ ពិសេសការបង្កើតគណៈកម្មាធិការទ្រទ្រង់ចំពោះការព្យាបាលដោយសហគមន៍នេះ ដែលមានមណ្ឌលសុខភាពជាស្នូល។ កន្លងមកនេះស្ទើតែគ្រប់ខេត្តបានស្នើបង្កើតមណ្ឌលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងព្យាបាល តែឆន្ទៈនេះមិនបានអនុវត្តឱ្យបានគ្រប់គ្រាន់ឡើយ លើកឡើងតែពេលប្រជុំសន្និបាត តែការពិតបានអនុវត្តតិចតួចណាស់។ ហើយមិនសូវមានប្រសិទ្ធភាពទៀតផង។
៧.ពិចារណាផងដែរ ដើម្បីបង្កើតទៅជាខ្លឹមសារនៃយន្តការ សមាហរណកម្ម ដ៏ជាក់លាក់មួយដែលបានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តែយើងមិនទាន់មានបទដ្ឋានច្បាស់លាស់នៅឡើយ ៕