នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដាក់ចេញយន្តការចំនួន៦ចំណុច ដើម្បីព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

22-February-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ល្ងាច​ថ្ងៃ​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ តាម​រយៈ​បទ​បង្ហាញ​ និង​ការ​ពិភាក្សា​ នៃ​អង្គ​សិក្ខាសាលា​ស្តី​ពី​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ដែល​សមាជិក​ សមាជិកា​ មក​ពី​ក្រសួង​ ស្ថាប័ន​ អង្គភាព​ ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ចំនួន​២៤០​នាក់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ស្នើ​សុំ​ឱ្យ​ឯកឧត្តម​ លោក​ជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ដែល​ជា​សមាជិក​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ពិសេស​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​យកចិត្តទុកដាក់​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖

​ទី​១.​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ គួរ​រៀបចំ​ផែនការ​សម្រាប់​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ ឱ្យ​បាន​ច្បាស់លាស់​ ពិសេស​រៀបចំ​ឯកសារ​គោល​សំខាន់ៗ​ និង​ចាំបាច់​នានា​ ដើម្បី​ធានា​ថា​ ការ​ផ្តល់​សេវា​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ មាន​លក្ខណៈ​ពហុ​វិស័យ​ និង​ជា​ប្រព័ន្ធ​ ហើយ​គ្រប់​ក្រសួង​ ស្ថាប័ន​ អង្គភាព​ជា​សមាជិក​ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ខេត្ត​ ចូលរួម​ និង​ទទួលខុសត្រូវ​ អនុវត្ត​ឱ្យ​បាន​ស៊ីសង្វាក់​គ្នា​ និង​ឱ្យ​បានជា​ប្រចាំ​។​ នៅ​ក្នុង​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នេះ​ គឺ​មាន​គ្រប់​សមាសភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ដូច្នេះ​ សូម​ដឹកនាំ​ និង​ធ្វើការ​ពិភាក្សា​ឱ្យ​បានជា​ប្រចាំ​តាម​តួនាទី​ និង​ភារកិច្ច​ដែល​បាន​កំណត់​។​ ឧទាហរណ៍​ ដូច​ជា​ករណី​ពាក់ព័ន្ធ​នឹង​ច្បាប់​ ឬ​ការ​អនុវត្ត​ច្បាប់​ គឺ​យើង​មាន​តំណាង​ក្រសួងយុត្តិធម៌​ យើង​មាន​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​នគរបាល​ និង​កង​រាជ​ធា​ថុ​ធ​ហត្ថ​ ហើយ​យើង​ក៏​មាន​អាជ្ញាធរ​រាជធានី​ខេត្ត​ ។​ល​។​ ពាក់ព័ន្ធ​នឹង​ការងារ​ស្តារ​នីតិសម្បទា​ ការ​បណ្តុះបណ្តាល​បំ​ណិ​ន​ជីវិត​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការ​ធ្វើ​សមាហរណកម្ម​ ល​។​ល​ គឺ​យើង​មាន​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ដូច្នេះ​ សូម​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បន្ត​ពង្រឹង​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ជា​បន្ត​ទៀត​ ដើម្បី​ឱ្យ​ការងារ​នេះ​ ដំណើរការ​ទៅ​បាន​រលូន​ និង​មាន​ប្រសិទ្ធភាព​។​ ម្យ៉ាងវិញទៀត​ ដោយសារ​បទ​ពិសោធន៍​ជា​សកល​បង្ហាញ​ថា​ ការ​លាប់​ទៅ​ប្រើប្រាស់​គ្រឿងញៀន​ឡើង​វិញ​មាន​អា​ត្រា​ខ្ពស់​ ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បានការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​នៅ​តាម​មណ្ឌល​ ខ្ញុំ​ក៏​ស្នើ​សុំ​ឱ្យ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ យកចិត្តទុកដាក់​បន្ថែម​ផង​ដែរ​ លើ​ការ​តាមដាន​ និង​វាយតម្លៃ​ គឺ​ស្វែងរក​ចំណុចខ្លាំង​ ចំណុចខ្សោយ​ និង​តម្រូវការ​ចាំបាច់​នានា​ ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​។​

​ទី​២.​ក្រសួង​ ស្ថាប័ន​ អង្គភាព​ជា​សមាជិក​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ និង​អនុវត្ត​ទៅ​តាម​តួនាទី​ និង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​។​ កន្លង​ទៅ​នេះ​ ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​មានការ​កែសម្រួល​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ហើយ​ទទួល​បានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ អនុម័ត​ពី​រដ្ឋសភា​ និង​ឡាយ​ព្រះ​ហត្ថលេខា​ពី​ព្រះមហាក្សត្រ​ ដើម្បី​ឱ្យ​ ក្រសួង​ ស្ថាប័ន​ អង្គភាព​ ក៏​ដូច​ជា​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ខេត្ត​ មាន​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួន​ សម្រាប់​ចាត់ចែង​អនុវត្ត​តួនាទី​ និង​ការ​ទទួលខុសត្រូវ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ដូច្នេះ​ សូម​យកចិត្តទុកដាក់​ និង​ចាត់ចែង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។​ កន្លង​មក​ ក្រសួងសុខាភិបាល​ធ្វើ​បាន​ល្អ​ និង​ច្រើន​ហើយ​ តាម​រយៈ​ការ​រៀបចំ​ទីតាំង​ ការ​បំពាក់​សម្ភារៈ​ ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ការ​ផ្សព្វផ្សាយ​ ការ​ផ្តល់​សេវា​ ។​ល​។​ ប៉ុន្តែ​ការងារ​នេះ​ ពិតជា​អាច​ឱ្យ​មុខ​ដោយ​រលូន​ និង​មាន​ប្រសិទ្ធ​ឡើយ​ បើ​គ្មាន​ការ​ចូលរួម​ និង​គាំទ្រ​ពី​ក្រសួង​ ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ទេ​នោះ​។​ ដូច្នេះ​ ខ្ញុំ​ស្នើ​សុំ​ឱ្យ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ពង្រឹង​ការងារ​របស់​ខ្លួន​ជា​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ឱ្យ​បាន​ពេញលេញ​ ពិសេស​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​នីតិសម្បទា​ បណ្តុះបណ្តាល​បំ​ណិ​ន​ជីវិត​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​គ្រួសារ​ និង​សហគមន៍​វិញ​។​

​ទី​៣.​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ សូម​គណៈកម្មាធិការ​ទទួល​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ចាត់ចែង​ ពិនិត្យ​ និង​កែសម្រួល​បន្ត​ទៀត​ ពិសេស​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ និង​វិធីសាស្ត្រ​ច្បាស់លាស់​ ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ (​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​ និង​ដៃគូ​ បាន​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ញៀន​គ្រឿងញៀន​តាម​បច្ចេកវិទ្យា​ទំនើប​ គឺ​តាម​រយៈ​ផ្តិត​មេដៃ​លើ​អេ​ក្រង់​ទូរស័ព្ទ​ ដែល​មាន​កត់ត្រា​ទិន្ន័យ​របស់​អ្នកជំងឺ​ ។​ បើ​ពិនិត្យ​ទៅ​ឃើញ​ថា​ ល្អ​ ហើយ​យើង​អាច​មាន​លទ្ធភាព​ យើង​គួរ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​)​។​ ជាមួយ​នេះ​ គួរ​ធ្វើកា​បណ្តុះបណ្តាល​ឱ្យ​បាន​ដល់​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង​ និង​ចេះ​ប្រមូល​ វិភាគ​ រក្សា​ទុក​ និង​បញ្ជូន​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​ អាច​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​អនុវត្ត​ការងារ​របស់​យើង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ទី​៤.​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ព្រោះថា​ មាន​តែ​មូលដ្ឋាន​នេះ​ហើយ​ដែល​ ដឹង​ច្បាស់​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​ សូម​សហការ​គ្នា​ឱ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​ អនុវត្ត​ច្បាប់​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​យល់​ដឹង​អំពី​ការ​ផ្តល់​សេវា​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ធ្វើ​សកម្មភាព​បំផុស​ឱ្យ​មានការ​ស្ម័គ្រចិត្ត​ តាម​រយៈ​ការ​លើកទឹកចិត្ត​ ការ​អប់រំ​ណែនាំ​ ហើយ​ក្នុង​ករណី​ចាំបាច់​ អាច​អនុវត្ត​ច្បាប់​ដើម្បី​ជម្រុញ​ឱ្យទៅ​ទទួលយក​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ គឺ​ មិន​ត្រូវ​ទុក​ឱ្យ​ពួក​គាត់​នៅ​បន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ឡើយ​។​ សូម​ចង​ចាំ​ថា​ ការ​ជួយ​បញ្ជូន​អ្នក​ញៀន​គ្រឿងញៀន​ឱ្យទៅ​ទទួល​យ​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ គឺជា​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ។​

​ទី​៥.​ស្នើ​សុំ​ដល់​ដៃគូ​ពាក់ព័ន្ធ​ និង​វិស័យ​ឯកជន​ សូម​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ផ្តល់​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​ និង​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​គោល​ណែនាំ​នានា​ដែល​បាន​ដាក់​ចេញ​ដោយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ដើម្បី​ធានា​ថា​ ការ​ផ្តល់​សេវា​របស់​យើង​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅ​បទដ្ឋាន​បច្ចេក​ ទេស​ទាំង​ផ្នែក​ច្បាប់​ និង​ផ្នែក​វេជ្ជសាស្ត្រ​ ហើយ​គោរព​បាន​នូវ​សិទ្ធិ​ និង​ផលប្រយោជន៍​ផ្សេងៗ​របស់​អ្នកជំងឺ​។​

​ទី​៦.​ស្នើ​សុំ​ដល់​ភាគី​មិត្ត​ថៃ​ និង​វៀតណាម​ ក៏​ដូច​ជា​សប្បុរសជន​ ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ដូច​ជា​ UNODC,​ WHO,​ UNAIDS​ Aids​ Care​ China​ ។​ល​។​ ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ជា​បន្ត​ទៀត​ ទាំង​លើ​ការងារ​ពង្រឹងសមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ​ ក៏​ដូច​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ សម្ភារ​ បច្ចេកទេស​ ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ ៕


ចំនួនអ្នកទស្សនា

    20589337

  • ថ្ងៃនេះ1901
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31731
  • ខែនេះ146881
  • ឆ្នាំនេះ146881
  • សរុប20589337