កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយឈ្មួញម្នាក់ដែលអះអាងថាជាម្ចាស់ដី នៅលើដីទំនាស់ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ បន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាសង់រោងស្នាក់នៅលើដីទំនាស់ប្តឹងផ្តល់គ្នាជាង៣ឆ្នាំដែលពួកគាត់បានទិញពីឈ្មួញម្នាក់ ហើយត្រូវបានឈ្មួញម្នាក់ផ្សេងទៀតអះអាងថាជាម្ចាស់ដី និងអះអាងថាមានដីការរក្សាការពារ បានបញ្ជារកម្មករទៅរុះរើរោងប្រជាពលរដ្ឋចោល ដែលពួកគាត់បាននាំគ្នាសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ។
នៅក្នុងហេតុការណ៍នេះ លោក លី ផេង ដែលបានអះអាងថាដីទំនាស់នេះជាដីរបស់ខ្លួន បានទិញពីលោក ជៀម ហៃ តែមិនបានលិខិតទិញលក់នោះទេ និងក៏មិនបានបង្ហាញដីការក្សាការពារ ដល់ប្រជាពលរដ្ឋរងគ្រោះទាំង៣៧គ្រួសារជាម្ចាស់ដីនោះដែរ ដែលលោកបានប្រាប់ថា ដីការក្សាការពារនោះនៅក្នុងតុលាការ ហើយប្រាប់ថាថ្ងៃស្អែកទី២១ លោកនិងបង្ហាញដីកានេះអោយប្រជាពលរដ្ឋបានឃើញនៅក្នុងសាលាសង្កាត់ខ្សាម ដើម្បីធ្វើការដោះស្រាយជាមួយគ្នា។
ចំណែកប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានចងការលុយពីធនាគារទិញដីនេះពី លោក អៀរ គុយម៉ុង ហៅ ក្តាន់ ដោយស្របច្បាប់ព្រោះនៅលើលិខិតលក់ទិញ មានអាជ្ញាធរ ភូមិ-ឃុំ ទទួលស្គាល់ត្រឹមត្រូវ។ ប៉ុន្តែចាប់តាំងពីទិញដីនោះមកដល់ពេលនេះជាង៣ឆ្នាំហើយ លោក លី ផេង បានប្តឹង លោក អៀរ គុយម៉ុង ថាបានលួចដីគាត់លក់អោយប្រជាព លរដ្ឋ ហើយដីនេះក៏ក្លាយទៅជាទំនាស់រ៉ាំរ៉ៃ ពួកគាត់មិនអាចរស់នៅអាស្រ័យផលបាន ព្រោះតែតុលាការអយុត្តិធម៌ អាជ្ញាធរខេត្តមិនអាចជួយប្រជាពលរដ្ឋបាន ព្រោះតែជាប់បណ្តឹងនៅតុលាការ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ពួកគាត់ទាំង៣៧គ្រួសារ គឺជាជនរងគ្រោះ ព្រោះតែទិញដី តែមិនបានដី រឿងប្តឹងផ្តល់បានអូសបន្លាយមកដល់ពេលនេះ៣ឆ្នាំ៥ខែហើយ ដោយសារគ្មានជំរើសទើបនៅថ្ងៃទី១៩ ខែកុម្ភៈ បានមកនាំគ្នាសង់រោងលើលើដីដែលគាត់បានទិញ ដើម្បីស្នាក់នៅអាស្រ័យផល ប៉ុន្តែមកដល់ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ លោក លី ផេង បានបញ្ជារកម្មកររុះរើរោងពួកគាត់ចោលវិញ។ ពួកគាត់សំណូមពរដល់ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ពិសេសសម្តេច ហ៊ុន សែន សូមមេត្តាជួយអន្តរាគ មន៍ដោះស្រាយរឿងនេះផងកុំអូសបន្លាយតទៅទៀត ព្រោះពួកគាត់បានចងការប្រាក់ពីធនាគារ ទិញដីនេះអាស្រយ័ផល តែមករស់នៅមិនបាន គ្មានលុយបង់ការប្រាក់ធាគារទៀតឡើយ។
ដោយឡែក ជាង៣ឆ្នាំមុន លោក អៀរ គុយម៉ុង ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា៖លោកបានទិញដី នេះពីលោក ជៀម ហៃ ហើយកំពុងចាក់ដីពុះឡូត៍លក់ ស្រាប់តែលោក លី ផេង បានប្ដឹងគ្នាទៅតុលាការខេត្តកំពង់ឆ្នាំង អះអាងថាខ្លួនជាម្ចាស់ដីទៅវិញ។ ក្រោយមក លោក លី ផេង បានប្ដឹងទៅតុលាការរាជធានីភ្នំពេញ ទើបរឿងក្តីនេះ អូសបន្លាយដល់សព្វថ្ងៃដោះស្រាយមិនចេញ។ រឿងនេះដែរ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានកោះប្រជុំសម្រេចទទួលស្គាល់ប្រជាពលរដ្ឋទាំង៣៧គ្រួសារ មានសិទ្ធអាស្រ័យផលនៅលើដីដែលពួកគាត់បានទិញស្របច្បាប់។ តែការសម្រេចនេះ ត្រូវបានក្រសួងមហាផ្ទៃ (ឯកឧត្តម ព្រុំ សុខា) ចេញលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ណែនាំមិនអោយអាជ្ញាធរខេត្តលូកដៃដោះស្រាយឡើយ ព្រោះដីទំនាស់នេះស្ថិតនៅក្នុងដៃតុលាការ ៕