ព្រៃវែង៖ មនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើកកៀរ បណ្តាលឲ្យម៉ូតូ៣គ្រឿងដួល។ ឧបទ្ទវនោះបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០នឹង២០នាទី នៅចំណុចមុខផ្ទះឈ្មោះ វ៉ាន់ នីមសក្តិ នៅភូមិស្គដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤។
មន្ត្រីនគរបាលចរាចរខេត្តព្រៃវែង បានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមានចំនួន៣គ្រឿង បើកបរពីកើតទៅលិចមានគ្នាចំនួន៨នាក់។
ម៉ូតូម៉ាក C125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-0092 បើកបរដោយឈ្មោះ ហឿង ពុធ ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល អ្នករួមដំណើរ២នាក់ ទី១- ឈ្មោះ ផា ដែន ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល, ទី២- ឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល(ម៉ូតូជិះខាងមុខគេ)។
ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ ផាត ស្នា ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្ងន់ អ្នករួមដំណើរ២នាក់ ទី១- ឈ្មោះ អូន វិត ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល, ទី២-ឈ្មោះ កិញ សុផាត ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល។
អ្នកបើកម៉ូតូម៉ាកC125 ស៊េរី២០១៨ ពណ៌ខ្មៅ ឈ្មោះ ណូ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ នឹងអ្នករួមដំណើរឈ្មោះ ធុល លីហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំរបួសធ្ងន់។ អ្នករងរបួស នឹងអ្នកស្លាប់ខាងលើ រស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។
ចំណែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4985 បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានកៀរម៉ូតូបណ្តាលអោយដួលស្លាប់នឹងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុរថយន្តបានបើកបរគេចចេញពីកន្លែងកើតហេតុទៅឈប់នៅចំណុចលូ៣ នៅភូមិស្គរដាច ឃុំតាកោ ចម្ងាយពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ ហើយអ្នកបើកបររថយន្តខាងលើមិនស្គាល់អត្តសញ្ញាណ បានទុករថយន្តចោលរត់គេចខ្លួនបាត់។
ចំពោះអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តព្រៃវែង នឹងអ្នកស្លាប់សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្តុតាងរថយន្តនឹងម៉ូតូទាំងបីគ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី ៕