កំពង់ធំ៖ កាលពីព្រឹកថ្ងៃអង្គារ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានជាអធិបតីភាព ក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៤ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅពហុកីឡាដ្ឋានស្តាតចាស់ ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍ សភាពការរួមក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ដោយពិនិត្យជារួម ក្នុងភូមិសាស្ត្រទូទាំងខេត្ត សភាពការណ៍ សន្តិសុខ នយោបាយ បទល្មើសផ្សេងៗមានសភាពថមថយចុះគួរអោយកត់សម្គាល់។ ទន្ទឹមនោះគ្រោះថ្នាក់ដោយសារអគ្គិភ័យ មានការកើនឡើងបើប្រៀបធៀបក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៧ គឺមានចំនួន ៣៧លើក/៤៤លើក (កើនឡើង៧លើក ស្មើ ១៨.៩១%) ដែលបណ្ដាលអោយឆេះផ្ទះចំនួន ៣៩ខ្នង, ឆេះតូប ០៧ខ្នង,ឆេះម៉ូតូ ០៤គ្រឿង, ឆេះប្រាក់រៀល ៦០.២៧០.០០០ រៀល,ប្រាក់ដុល្លារ ១៥.០០០ដុល្លារ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
មូលហេតុសំខាន់ៗដែលបណ្ដាលអោយកើតឡើងមានគ្រោះថ្នាក់អគ្គិភ័យដូចជាៈកត្តាភ្លើងចង្ក្រានចំនួន២៥%, កត្តាឆ្លងចរន្តអគ្គិសនីចំនួន១៨.១៨% ,កត្តាធ្វេសប្រហែសចំនួន ៦.៨១%, កត្តាមូលហេតុផ្សេងៗចំនួន ៥០.៦៤%។
នៅរយៈពេល២ខែដើមឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់អគ្គិភ័យទូទាំងខេត្តមានចំនួន ៧លើក បណ្តាលឲ្យឆេះផ្ទះចំនួន ៥ខ្នង ឆេះតូបចំនួន ២តូប ឆេះរ៉ឺម៉កម៉ូតូចំនួន ២គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតឡើងមកពី កត្តាភ្លើងធូប ០១លើក, កត្តាឆ្លងចរន្តអគ្គិសនី ១លើក,កត្តាធ្វេសប្រហែស ៤លើក,កំពុងស្រាវជ្រាវចំនួន ១ លើក។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងមតិសំណេះសំណាល និងសូមសរសើរ ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត ក្នុងកិច្ចប្រតិបត្តិការ អន្តរាគមន៍ បង្ការ សង្គ្រោះពន្លត់អគ្គិភ័យ ទាន់ពេលវេលា ជាពិសេសករណីអគ្គិភ័យកើតមានឡើងឆេះរោងនៅក្បែរផ្សារកំពង់ថ្មកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កន្លងទៅ គឺលោកស្នងការ បានដឹកនាំកម្លាំងជំនាញពន្លត់សង្គ្រោះទាន់ពេលវេលាដោយមិនបង្ករអោយមានការរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ។
ឯកឧត្តមបានក្រើនរំលឹកលើកការគោរពវិន័យលេខ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់ និងពង្រឹងការអនុវត្តច្បាប់។
ឯកឧត្តមបានអំពាវនាវ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយល់ថាការបង្ការ-ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់ក្រសួងស្ថាប័ន ផ្នែកឯកជន ទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះពន្លត់អគ្គិភ័យ ត្រូវចូលរួមនៅពេលមានគ្រោះថ្នាក់អគ្គិភ័យកើតមានឡើង ក្រោមពាក្យស្លោកថា"យើងទាំងអស់គ្នាត្រូវចូលរួមបង្ការ-ពន្លត់អគ្គិភ័យ" ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ មានវិធានការអប់រំ ដល់ប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង និងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ និងអោយមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះដើមចមដែលផ្ដើមអោយមានគ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងធុប ប្រេងសាំង ចរន្តអគ្គិសនី រំសេវសារធាតុគីមី ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានលើកឡើងអំពីអត្ថប្រយោជន៍ នៃបំពង់សម្រាប់ពន្លត់អគ្គិភ័យ និងស្នើដល់ប្រជាពលរដ្ឋ ត្រូវមានបំពង់សម្រាប់ពន្លត់អគ្គិភ័យនៅក្នុងផ្ទះរបស់បងប្អូន និងត្រៀមលក្ខណ:រួមជាស្រេចក្នុងកិច្ចការ បង្ការទប់ស្កាត់គ្រោះអគ្គិភ័យមិនអោយកើតមានឡើងគ្រប់ពេលវេលា ៕