បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរាស្ត្រ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាអង្គធំ នៅវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់)និងជាខួបព្រះផ្នួស២១វស្សារបស់ព្រះមហាធម្មាលង្ការោ ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានមានចំនួនប្រមាណជាង៣០០នាក់ នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយតែងទទួលបាននូវការជួយជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទដែលជាពុទ្ធសាសនិកឧបត្ថម្ភគ្រប់ទិសទី បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ អាណាចក្រជាមួយនឹងកំណើនសេដ្ឋកិច្ចជាង៧% ក្នុង១ឆ្នាំៗ ភាពក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្វើឱ្យប្រសើរឡើងនៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកសាងបានមកវិញនៅវត្តអារាមសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ ជាទីជម្រកដល់ជនក្រីក្រកម្សត់ទុគ៌តគ្មានទីពឹង ដែលរបបអាវខ្មៅបានបំផ្លាញដល់ឬសគល់។
ការកសាងនូវព្រះពុទ្ធបដិមាអង្គធំនាពេលនេះ គឺដើម្បីទុកជាសម្បត្តិសាធារណៈតម្កល់ទុកក្នុងព្រះពុទ្ធសាសនាសម្រាប់ប្រជាពលរដ្ឋគោរពបូជា សុំសេចក្តីសុខសប្បាយតរៀងទៅ។
ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភមានសុទ្ធាជ្រះថ្លាឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបរិច្ចាកនូវបច្ច័យ អំណោយ និងថវិកា វេរប្រគេន និងចែកជូនរួមមាន៖
១.ប្រគេនបច្ច័យកសាងវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ២០.០០០ដុល្លារអាមេរិក
២.យាយជី តាជី និងអ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១ម៉ឺនរៀលផងដែរ ៕